ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Korea Consultants International (KCI)


នៅថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨
នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជា អធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Korea Consultants International (KCI) សម្រាប់ការងារត្រួតពិនិត្យ និងគាំទ្រការអនុវត្តគម្រោង ដែលមានតម្លៃទឹកប្រាក់សរុបប្រមាណ ៣ ៣១៧ ៦៤០ ដុល្លារសហរដ្ឋ អាមេរិក ដែលក្នុងនោះ៖ ក្រុមហ៊ុន KCI ទទួលបានទឹកប្រាក់ចំនួន២ ៨៨៤ ៩០៤ ដុល្លារសហរដ្ឋ អាមេរិក។

សូមជម្រាបជូនថា៖ រាជរដ្ឋាភិបាលកម្ពុជាបានទទួលប្រាក់កម្ចីសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីលេខ. ៣៥៧៦-CAM (COL) ចំនួន ៧០លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងកែលម្អ និងលើកកម្រិតបណ្ដាញផ្លូវជាតិលេខ១ ពីគីឡូម៉ែត្រ០៦៣+៣០០ ដល់គីឡូម៉ែត្រ ១៥៩+០០០ (អ្នកលឿង-បាវិត) និងផ្លូវជាតិលេខ ៦ ពីគីឡូម៉ែត្រ ៣១៧+៦៣០ ដល់គីឡូម៉ែត្រ ៣៦៧-៥១២ (ក្រុងសៀមរាប-ក្រឡាញ់) មានប្រវែងសរុប ១៤៥,៥៨ គីឡូម៉ែត្រ ពីកម្រាលកៅស៊ូ DBST ទៅកម្រាលកៅស៊ូ AC ព្រមទាំងដាក់លូសងខាងផ្លូវដើម្បីរំដោះទឹកភ្លៀងផងដែរ។

គម្រោងនេះ គ្រោងចំណាយពេល៥៤ខែ ពោលគឺ រយៈពេលសាងសង់ ១៨ខែ និងថែទាំរយៈពេល៣៦ខែ ដោយចាប់ផ្ដើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២៣ ។