នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងពិធីជូនដំណើរកងវិស្វកម្មសំណង់លេខ៥៩៤ ទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
នាយឧត្តមសេនីយ៍ ប៉ុលសារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស
បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវប្រកាន់ខ្ជាប់និងអនុវត្តន៍ឱ្យបានដាច់ខាតនូវអនុសាសន៍ ដែលជាបទបញ្ជា៤ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងពិធីសំណេះសំណាលជូនដំណើរកងអនុសេនាធំលេខ១៣៥ ចេញទៅបំពេញបេសកកម្មនៅប្រទេសស៊ូដង់ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៦ កន្លងទៅ។ ត្រូវគោរពវិន័យ ក្រមសីលធម៌ ច្បាប់ បទបញ្ជារបស់អង្គការសហប្រជាជាតិ រក្សាភាពថ្លៃថ្នូរនិងកិត្តិយសរបស់កងយោធពលខេមរភូមិន្ទនិងប្រទេសជាតិ។ ត្រូវរៀនសូត្រដកពិសោធន៍បង្កើនចំណេះដឹង និងស្វែងយល់ពីរបៀបរបបធ្វើការរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ។ ត្រូវឈរជាមជ្ឈមណ្ឌលសាមគ្គីឯកភាព ចេះគោរពនិងជួយថែរក្សាគ្នាទៅវិញទៅមក សំដៅសម្រេចបានភារកិច្ច។ ត្រូវបន្តខិតខំរៀនសូត្រភាសាបរទេស ដើម្បីងាយស្រួលទំនាក់ទំនងជាមួយសហការីសហប្រជាជាតិនិងប្រជាជននៃប្រទេស ដែលយើងបោះទីតាំង។ ត្រូវសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ពីស្ថានភាពភូមិសាស្ត្រ នយោបាយសង្គម ការប្រឈមនៃបេសកកម្ម យកចិត្តទុកដាក់ក្នុងការរៀបចំកម្លាំង និងបន្តប្រុងប្រយ័ត្នជានិច្ចចំពោះគ្រោះថ្នាក់គ្រប់ប្រភេទ ដែលអាចកើតឡើងដោយការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធនានា ដោយការវាយប្រហារពួនស្ទាក់ ឬ គ្រោះធម្មជាតិ និងគ្រោះថ្នាក់ដោយជំងឺឆ្លងនានា។ ត្រូវបន្តទំនាក់ទំនងល្អជាមួយប្រទេសជាមួយប្រជាជន គោរពទំនៀមទំលាប់និងចេះជួយប្រជាជននៅទីកន្លែង ដែលកងកម្លាំងយើងបំពេញប្រតិបត្តិការ ដូចជា ជួយទំនុកបម្រុង ឧបត្ថម្ភ ចែករំលែកស្បៀងអាហារ ជួយសង្គ្រោះ ពិនិត្យព្យាបាល ជំងឺ និងការពារប្រជាជននៅទីនោះ។ នេះគឺជាកាយវិការប្រកបដោយមនុស្សធម៌ សីលធម៌ គុណធម៌ ស័ក្ដិសមជាកងយោធពលខេមរភូមិន្ទ ដែលកើតចេញប្រជាជន ធ្វើអ្វីដើម្បីប្រជាជន។
កម្ពុជា គឺជាអ្នកគាំទ្រប្រកបដោយសង្គតិភាពចំពោះនិម្មាបនកម្មសន្តិភាព