ភ្នំពេញ៖អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានលើកឡើងជាប្រយោគសំណួរថា តើលោក គង់ គាំ ដែលជាអតីត អ្នកនយោបាយជើងចាស់ មកពីអតីតគណបក្សសង្រ្គោះជាតិជា CIA របស់គណបក្សប្រជាជនកម្ពុជា? លោកថា ចម្លើយពិតជាភ្នាក់ងារ របស់បក្សកាន់អំណាច ប្រាកដមែន។
ការបង្ហាញជំនឿថា ជាភ្នាក់ងារសំងាត់របស់គណបក្សប្រជាជនកម្ពុជារបស់ឯកឧត្តម សុខ ឥសាន នេះ បន្ទាប់ពី លោក គង់ គាំ បានថ្លែងថា “សេដ្ឋកិច្ចជាតិកំពុងមានសន្ទុះ ហើយក្រុមធុរជនបរទេសរាប់រយក្រុមហ៊ុននឹងបន្តរកស៊ីនៅកម្ពុជា ។ ប្រទេសក្នុងសហគមន៍បានបង្ហាញជំហរខុសគ្នាចំពោះកម្ពុជា ដូច្នេះកុំឲ្យបារម្ភពេក ពីករណីដកប្រព័ន្ធអនុគ្រោះទំនិញកម្ពុជា(EBA) ព្រោះមិនមានអ្វីជាការបារម្ភ ដូចមជ្ឈដ្ឋានមួយចំនួន ពិសេសក្រុមប្រឆាំងលើកឡើងឡើយ។
ឯកឧត្តមថា ការបារម្ភរបស់អ្នកទាំងនោះ ជាការបំពុលសង្គម និងបំភ័យកម្មករទេ។ លោក គង់ គាំអះអាងទៀតថា ការគំរាមកាត់ពន្ធនៅកម្ពុជាមិនទាន់ប្រាកដ១០០%ទេ”។ នេះបើយោងតាមការចេញផ្សាយពីវិទ្យុវាយោ។
ការបង្ហាញជំនឿរបស់អតីតអ្នកនយោបាយជើងរូបនេះ ហាក់វាយបកទៅលោក សម រង្ស៊ី អតីតមេបក្សប្រឆាំងដែលលោកធ្លាប់ជ្រកកោនជាមួយ ព្រោះកាលពីពេលថ្មីៗនេះលោក សម រង្ស៊ី បានបង្ហាញពីមោទកភាពចំពោះអ្នកគាំទ្រខ្លួននៅក្រៅប្រទេសថា នេះគឺជាជោគជ័យរបស់អតីតគណបក្សប្រឆាំងសម្រាប់ដាក់គំនាបលើរាជរដ្ឋាភិបាល ក្រោយសហភាពអឺរ៉ុបទុកពេលឲ្យ៦ខែ ពាក់ព័ន្ធការដកប្រព័ន្ធអនុគ្រោះពន្ធ។
ឯកឧត្តម សុខ ឥសាន បានថ្លែងតាមរយៈបណ្តាញទំនាក់ទំនងតេឡេក្រាមនៅថ្ងៃទី៤ វិច្ឆិកាថា មហាជនទូទៅមានការងឿងឆ្ងល់យ៉ាងខ្លាំងនពេលដែលឃើញលោក គង់ គាំ ដែលជាអតីតមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាបានផ្តាច់ខ្លួនមករួមរស់ជាមួយអតីតគណបក្សប្រឆាំង កាលពីពេលកន្លងទៅអស់រយៈពេលរាប់សិបឆ្នាំ ការមន្ទិលសង្ស័យនេះនៅតែមានក្នុងអារម្មណ៍របស់មហាជនទូទៅដដែល ប៉ុន្តែទើបតែពេលនេះ ភាពមន្ទិលសង្ស័យហាក់កាន់តែច្បាស់ឡើងៗបន្តិចម្តងៗដោយសារកូនប្រុសពៅរបស់លោក គង់ គាំគឺលោក គង់ ម៉ូនីកា បានបង្កើតគណបក្សឆន្ទៈខ្មែរ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនីតិកាលទី៦ ។
បន្ថែមពីលើនេះ ឯកឧត្តមថា បង្កើតគណបក្សនេះមិនមែនជារឿងចៃដន្យឡើយដោយសារគ្មានជំនឿលើអតីតបក្សប្រឆាំងអាចរស់ឡើងវិញ មិនអាចរង់ចាំខ្មោចងាប់បានជាដាច់ខាត ។ បើគ្មានការផ្តួចផ្តើមគំនិតលោក គង់ គាំ ទេ នោះការបង្កើតគណបក្សថ្មីមួយនេះក៏មិនអាទៅរួចដែរ ហើយបាត់ជំនឿលើការដឹកនាំរបស់ទណ្ឌិត សម រង្ស៊ី ដែលដឹកនាំជាង២០ឆ្នាំហើយកាន់តែយ៉ាប់ទៅៗ។
ឯកឧត្តមបន្តថា ការដែលលោកគង់ គាំ រិះគន់ទណ្ឌិតសម រង្ស៊ីពីបញ្ហាបំភិតបំភ័យរឿងដកប្រព័ន្ធអនុគ្រោះទំនិញកម្ពុជា គឺចង់បង្ហាញទណ្ឌិតសម រង្ស៊ីឲ្យឃើញថា អញមិនពេញចិត្តឯងទេ និងធុញទ្រាន់ណាស់លោកប្រធាន ។
ឯកឧត្តម សុខ ឥសាន បញ្ជាក់ថា “ចំណុចទាងអស់ខាងលើនេះគឺជាចំណុចដែលមហាជនទូទៅមានការសង្ស័យ លោក គង់ គាំអាចជារនុកក្នុង ឬអាចជា CIA របស់គណបក្សប្រជាជនកម្ពុជា ដែលចូលទៅនៅក្នុងជំរុំរបស់អតីតបក្សប្រឆាំងយូរមកហើយ ។ បើយ៉ាងដូច្នេះមែនបានសេចក្តីថាទណ្ឌិតម រង្ស៊ី នៅខ្ចីណាស់ ស្គាល់គណបក្សជនកម្ពុជាមិនច្បាស់ ហើយចង់មកប្រឡងជាមួយផង?”។
សូមបញ្ជាក់ថា កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះ កាលពីឆ្នាំ២០១២ ហើយក្រោមប្រព័ន្ធអនុគ្រោះពន្ធនេះ កម្ពុជាបានរួចផុតពីកាតព្វកិច្ចពន្ធជិត ៧រយលានដុល្លារក្នុងមួយឆ្នាំៗ ចំពោះទំនិញនាំចេញទៅទីផ្សារអឺរ៉ុប។ តួលេខពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជាបង្ហាញថា ក្រោមប្រព័ន្ធអនុគ្រោះពន្ធនេះ ទំនិញកម្ពុជានាំចូលទៅទីផ្សារអឺរ៉ុប មានទឹកប្រាក់ដល់ទៅជាង ៦ពាន់លានដុល្លារក្នុងឆ្នាំ២០១៧ ដែលភាគច្រើននៃទំនិញទាំងនោះ គឺជាផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង ព្រមទាំងផលិតផលកសិកម្មជាដើម៕