ឯកឧត្តម តន់ វ៉ាន់ថារ៉ា បានបន្តដឹកនាំក្រុមការងារ ចូលរួមពីប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្តរតនគិរី ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវ នៅក្នុងខេត្តរតនគីរី


បន្ទាប់ពីបានចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលនៅក្នុងខេត្តមណ្ឌលគិរីរួចមក នៅរសៀលថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ ក្រសួងធនធានទឺក និងឧតុនិយម បានបន្តដឹកនាំក្រុមការងារក្រសួង ដោយមានការចូលរួមពីប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្តរតនគិរី ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវ នៅក្នុងខេត្តរតនគីរី ។

លោក ចាន់ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី បានជម្រាបជូនឯកឧត្តមរដ្ឋលេខាធិការថា ការអនុវត្តការងារបង្កបង្កើនផលស្រូវវស្សារបស់បងប្អូនប្រជាកសិករ បានបញ្ចប់ហើយ ដោយសម្រេចបានលើផ្ទៃដី ចំនួន ២៤.៤៤៣ ហិកតា (តួលេខក្រៅផ្លូវការ) ក្នុងនោះប្រមូលផលបានចំនួន ៩.២៨៨ ហិកតា ហើយ ។ មកដល់ចុងរដូវវស្សានេះ ដោយសារការខកខានមិនបានទទួលទឹកភ្លៀងជាច្រើនសប្តាហ៍ ផ្ទៃដីមួយចំនួនបានជួបបញ្ហាខ្វះខាតទឹក ពិសេសនៅក្នុងស្រុកវើនសៃ លំផាត់ និងស្រុកកូនមុំ ។ តាមរយៈការអន្តរាគមន៍ពីក្រុមការងាររបស់មន្ទីរ ផ្ទៃដីខ្វះទឹកទាំងនោះ ត្រូវបានសង្គ្រោះជាបន្តបន្ទាប់ ។

ឯកឧត្តម​ តន់ វ៉ាន់ថារ៉ា បានធ្វើការណែនាំដល់មន្ទីរធនធានទឹក​ និងឧតុនិយមខេត្ត​ ឲ្យបន្តយកចិត្តទុកដាក់​​តាមដាននូវការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ និងត្រូវជួយសង្គ្រោះស្រូវជូនកសិករដែលខ្វះទឹកនៅចុងរដូវវស្សានេះឲ្យអស់លទ្ធភាព ។