ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាឲ្យលោកស្រី Sunniya Durrani-Jamal និងសហការីចូលជួបសម្តែងការគួរសម


នៅទីស្តីការក្រសួងនារសៀលថ្ងៃចន្ទ ៥កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុញ្ញាឲ្យលោកស្រី Sunniya Durrani-Jamal និងសហការីចូលជួបសម្តែងការគួរសម និងធ្វើការណែនាំខ្លួនដោយលោកស្រីទើបត្រូវបានតែងតាំងជានាយកប្រតិបត្តិធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រចាំព្រះរាជាណាចក្រកម្ពុជា។
នាឱកាសនេះ លោកស្រី Sunniya Durrani-Jamal បានកោតសរសើរចំពោះការវិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យកសិកម្មដែលជាចលករមួយដ៏សំខាន់ជួយគាំទ្រប្រាក់ចំណូលក្នុងគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិដែលរាជរដ្ឋាភិបាលសម្រេចបាននាឆ្នាំកន្លងមក។ លោកស្រីក៏បានបញ្ជាក់ផងដែរថា វិស័យកសិកម្មគឺជាវិស័យមួយដែលធនាគារអភិវឌ្ឍអាស៊ីផ្តល់អាទិភាពខ្ពស់ ដោយបានដាក់បញ្ចូលនៅក្នុងគោលនយោបាយភាពជាដៃគូរវាងប្រទេសកម្ពុជា និងធនាគារអភិវឌ្ឍអាស៊ីថ្មីសម្រាប់រយៈពេល ៥ឆ្នាំ។ ក្នុងឱកាសនៃបេសកកម្មរបស់លោកស្រីនៅកម្ពុជា លោកស្រីបានសន្យាថានឹងផ្តល់កិច្ចសហប្រតិបត្តិ និងបន្តការគាំទ្រឲ្យអស់លទ្ធភាពជាមួយក្រសួងធ្វើយ៉ាងណារួមចំណែកអភិវឌ្ឍវិស័យនេះឲ្យមានការរីកចម្រើន។
មានមតិស្វាគមន៍ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះធនាគារអភិវឌ្ឍអាស៊ីដែលកន្លងមកបានជួយគាំទ្រយ៉ាងក្នុងកិច្ចដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសបានជួយឧបត្ថម្ភទាំងបច្ចេកទេស និងថវិកាដើម្បីអនុវត្តគម្រោងនានាដែលពាក់ព័ន្ធវិស័យកសិកម្ម ។ ស្តែងចេញពីលទ្ធផលគម្រោងដែលសម្រេចបាន បានរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់។ តាម រយៈលោកស្រី ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមនិងជឿជាក់ថាធនាគារអភិវឌ្ឍអាស៊ីនឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនបន្ថែមទៀត ជាពិសេសជួយឧបត្ថម្ភគាំទ្រលើវិស័យកសិកម្មទាំងក្នុងពេលបច្ចុប្បន្នក៏ដូចជាពេលអនាគត។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកយកប្រធានបទសំខាន់ៗដើម្បីដាក់ជូនលោកស្រីពិនិត្យលទ្ធភាព និងពិចារណាក្នុងការផ្តល់កិច្ចសហប្រតិបត្តិការ រួមមានទី១-វិធានការនានាដែលត្រូវឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុលើវិស័យកសិកម្ម ទី២-ពិនិត្យ និងធ្វើការសិក្សាពីការរៀបចំធ្វើផែនទីកំណត់តំបន់ដាំដុះ ទី៣-ជួយមានវិធានការនានាដែលឈានដល់ការទប់ស្កាត់ផលប៉ះពាល់លើផលិតកម្មដំឡូងមីដោយសារជំងឺម៉ូសាអ៊ិកដំឡូងមី និងផែនការគ្រប់គ្រងជំងឺ ទី៤-ជួយរិះរកវិធានការនានា ដែលឈានទៅដល់ការសហការបានពេញលេញពីស្ថាប័នពាក់ព័ន្ធក្នុងការធ្វើកសិម្មឲ្យទទួលបានទិន្នផលខ្ពស់ និងកាត់បន្ថយការចំណាយឲ្យបានជាអតិប្បរិមាលើការងារគ្រប់គ្រងទឹកនិងដំណាំ និងទី៥-ផលិតភាពផលិតកម្ម និងទីផ្សារកសិផលរបស់ប្រជាកសិករ និងសហគមន៍។ ជាការឆ្លើយតប លោកស្រីបានឯកភាពទាំងស្រុងនូវរាល់ចំណុចសំខាន់ៗដែលឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើង និងយកចំណុចទាំងនោះទៅពិភាក្សាជាមួយក្រុមការងារជំនាញដើម្បីពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រ។