ឯកឧត្តមទេសរដ្ឋមន្រ្តី និងលោកជំទាវ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំព្រះពុទ្ធសាសនាបីប្រទេសកម្ពុជា-ឡាវ-វៀតណាម នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ


នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ៖ព្រឹកថ្ងៃចន្ទ ៥កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៨ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សួស ណារ៉ា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំព្រះពុទ្ធសាសនាបីប្រទេសកម្ពុជា-ឡាវ-វៀតណាម នៅទីក្រុងវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដែលពិធីនេះ គឺមានការចូលរួមពី សម្តេចព្រះមហាសង្ឃរាជាធិបតី សាកាឡា មហាសង្ឃរាជបាមោកខា ប្រធានសមាគមមជ្ឈិមព្រះពុទ្ធសាសនាមិត្តភាពឡាវ និងឯកឧត្តមប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សអភិវឌ្ឍជាតិឡាវ ។
នៅឱកាសនោះផងដែរ បន្ទាប់ពីសុន្ទរកថារបស់ឯកឧត្តមប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សអភិវឌ្ឍជាតិឡាវ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះសំខាន់ដែលមានអត្ថន័យថា ឯកឧត្តមទេសរដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចប្រកបដោយភាតរភាព និងកក់ក្តៅរាក់ទាក់បំផុតចំពោះរូបឯកឧត្តមនិងលោកជំទាវ ព្រមគណៈប្រតិភូកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី សូមប្រសិទ្ធពរបវរប្រសើរជូនសន្និសីទកំពូលថ្នាក់ដឹកនាំព្រះពុទ្ធសាសនាបីប្រទេសកម្ពុជា-ឡាវ-វៀតណាម នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាពេលនេះ ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងទទួលបានលទ្ធផលល្អស្របតាមគោលបំណង និងឆន្ទៈ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានគាំទ្រផងដែរចំពោះកិច្ចពិភាក្សានានា និងអនុសាសន៍ល្អៗជាច្រើនតាមរយៈបទអន្តរាគមន៍នេះទាក់ទងទៅនឹងព្រះពុទ្ធសាសនាក្នុងយុគ្គសម័យថ្មីនៃសាកលភាវូបនីយកម្មដែលមានសារៈសំខាន់ជាខ្លាំងសម្រាប់សន្តិភាព និងភាពសុខដុមរមនារបស់ប្រទេសនីមួយៗក្នុងតំបន់ និងពិភពលោក។
ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តទៀតថា សន្និសីទកំពូលថ្នាក់ដឹកនាំព្រះពុទ្ធសាសនាបីប្រទេសកម្ពុជា-ឡាវ-វៀតណាម គឺពិតជាមានសារៈសំខាន់ និងសមស្របបំផុតដែលមិនត្រឹមតែឆ្លុះបញ្ចាំងពីការរីកចម្រើននៃការគោរព និងការប្រតិបត្តិព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែគឺបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ដែលទាមទារឲ្យអ្នកកាន់ព្រះពុទ្ធសាសនាទាំងអស់ រួបរួមសាមគ្គីគ្នាជាធ្លុងមួយ រួមចំណែកក្នុងការកសាងពិភពលោកនេះ ជាពិភពមួយប្រកបដោយសន្តិភាព និងភាពសុខដុមរមនា ដើម្បីសិក្សាស្វែងយល់រវាងគ្នានិងគ្នាក្នុងសកម្មភាព និងបំណងប្រាថ្នារួម ដោយយកខ្លឹមសាររបស់ព្រះធម៌ ឈរលើការយោគយល់អធ្យាស្រ័យ សណ្តោសប្រណី តាមមាគ៌ាដ៏ត្រឹមត្រូវរបស់ព្រះពុទ្ធសាសនា នៃប្រទេសនីមួយៗ។