សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ នៅប្រទេសសិង្ហបុរី


នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ក្រោមប្រធានបទ «ការកសាងនវានុវត្តន៍ និងភាពរឹងមាំរបស់អាស៊ាន» ដែលបានប្រារព្ឋធ្វើនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទអន្តរជាតិសាន់តិច សាធារណរដ្ឋសិង្ហបុរី ដែលមានការចូលរួមពីបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន ក្រោមកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុតពី ឯឧ លី ស៊ានឡុង នាយករដ្ឋមន្រ្តី សិង្ហបុរី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ផងដែរ។

ថ្លែងសុន្ទរកថាគន្លឹះបើកកិច្ចប្រជុំ ឯឧ លី ស៊ានឡុង នាយករដ្ឋមន្រ្តី សិង្ហបុរី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃអាស៊ានដែលមានសមត្ថភាពចូលរួម និងសហការជាមួយបណ្ដាប្រទេសធំៗ និងអង្គការអន្តរជាតិនានា រួមទាំងការរៀបចំកិច្ចប្រជុំអាស៊ាននានា ដូចជាអាស៊ានបូកបី និង EAS ជាដើម។ នៅថ្ងៃនេះអាស៊ានគឺជាតួអង្គសេដ្ឋកិច្ចដ៏សំខាន់មួយនៅក្នុងពិភពលោក។ ជាមួយនឹងកំណើនយុវជនវ័យកណ្ដាល និងយុវជនវ័យពេញធ្វើការ អាស៊ាននឹងកា្លយជាមហាអំណាចសេដ្ឋកិច្ចធំទី៤ នៅលើពិភពលោកនៅឆ្នាំ២០៣០ ពោលគឺអនាគតអាស៊ានកំពុងមានភាពភ្លឺស្វាង។ នៅពេលនេះគឺយើងត្រូវតែដោះស្រាយបញ្ហាប្រឈមថ្មីៗដោយផ្អែកលើយុទ្ធសាស្រ្តថ្មី និងការផ្លាស់ប្ដូរសំខាន់ៗតាមរយៈបច្ចេកវិទ្យាឌីជីថល។ បច្ចេកវិទ្យាឌីជីថលបានរំខានដល់សេដ្ឋកិច្ចរបស់យើង និងបានផ្លាស់ប្ដូរទម្លាប់ការរស់នៅ ការធ្វើការ និងការទំនាក់ទំនងរបស់យើង រួមមានទាំងការវាយប្រហារតាមព័ត៌មានវិទ្យាទៀតផង។ ព្រមពេលជាមួយគ្នានេះ ការគំរាមកំហែងពីភេរវកម្ម និងការប្រែប្រួលអាកាសធាតុក៏ជាក្ដីកង្វល់របស់យើងផងដែរ។ ភេរវកម្មគឺមិនមែនត្រឹមតែគំរាមកំហែងដល់សន្តិសុខតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កជាការគំរាមកំហែងធ្ងន់ធ្ងរដល់ជាតិសាសន៍នានា និង សាសនាជាច្រើននៃបណ្ដាប្រទេសជាសមាជិកអាស៊ាន។

បម្រែបម្រួលអាកាសធាតុ កំពុងធ្វើឱ្យបណ្ដាប្រទេសអាស៊ានមួយចំនួនងាយរងគ្រោះនឹងការកើនឡើងនៃកម្ពស់ទឹកសមុទ្រ។ ការកើនឡើងសីតុណ្ហភាព និងកំដៅផែនដីកំពុងបង្កផលប៉ះពាល់ជាមួយនឹងការបង្កជាជំងឺតំបន់ត្រូពិចដែលគំរាមកំហែងដល់អាយុជីវិត និងការរស់នៅរបស់ប្រជាជន។ ទាំងអស់នេះមានន័យថាកិច្ចសហប្រតិបត្តិការពហុភាគីគឺមានសារៈសំខាន់ និងជាបន្ទាន់បំផុតជាងពេលណាៗទាំងអស់។ ការប្រឈមមុខនឹងបញ្ហារួមនេះគឺមានភាពស្មុគស្មាញនឹងមិនធ្លាប់មាន ហើយដំណោះស្រាយក៏មិនមានប្រទេសណាដោះស្រាយបញ្ហាទាំងនេះតែម្នាក់ឯងបាននៅឡើយដែរ។ ពោលគឺយើងត្រូវតែរួមចិត្តរួមកម្លាំង ដោះស្រាយបញ្ហាទាំងនេះជាមួយគ្នា។ នេះហើយគឺមូលហេតុរុញឱ្យប្រទេសសិង្ហបុរីជ្រើសរើសភាពរឹងមាំ និងការច្នៃប្រឌិតជាមូលដ្ឋានសម្រាប់អាស៊ានរបស់យើង។

ឯឧ​ នាយករដ្ឋមន្រ្តីសិង្ហបូរីមានក្តីរំភើបយ៉ាងខ្លាំងដែលក្នុងអាណត្តិជាប្រធាន គឺប្រទេសសមាជិកទាំងអស់បានអនុវត្តន៍ទ្វេឡើងនូវកិច្ចខិតខំប្រឹងប្រែងដែលបានសម្រេចចេញនូវដំណោះស្រាយដ៏ល្អប្រសើរនានា ដែលបង្ហាញអំពីលទ្ធផលនៃការរួបរួម ប្រសិទ្ធភាព និងសម្ព័ន្ធភាពក្នុងនាមជាអាស៊ាន។ ទន្ទឹមនឹងនោះដែរ អាស៊ានបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាធ្វើពាណិជ្ជកម្មពហុភាគី និងបោះជំហានទៅមុខឲ្យបានលឿន ឆ្ពោះទៅរកការបញ្ចប់កិច្ចចរចានានាទៅលើភាពជាដៃគូសេដ្ឋកិច្ចថ្នាក់តំបន់ប្រកបដោយផ្លែផ្កា។ បណ្តាញទីក្រុងឆ្លាតវៃរបស់អាស៊ាន (ASCN) នឹងក្លាយជាវេទិកាសម្រាប់ទីក្រុងនៃបណ្តាប្រទេសអាស៊ានទាំងអស់ ធ្វើការផ្សាយភ្ជាប់គ្នា ចែករំលែកបទពិសោធន៍ និងធ្វើការងាររួមគ្នាដើម្បីលើកស្ទួយគុណភាពរស់នៅដែលជាប្រយោជន៍របស់ប្រជាជន។

យើងបានពង្រឹងមូលដ្ឋានសម្រាប់បរិស្ថានតំបន់ដែលយកច្បាប់ជាមូលដ្ឋាន ជាមួយនឹងការសន្និដ្ឋាននៃសន្ធិសញ្ញាបណ្តោះអាសន្នជាគំរូរបស់អាស៊ាន។ យើងបានបង្កើនភាពជាដៃគូសកម្មរួមគ្នារបស់យើង ប្រឆាំងនឹងការគំរាមកំហែងឆ្លងដែន រួមទាំងការវាយប្រហារតាមអ៊ីនធើណេត និងការប្រែប្រួលអាកាសធាតុ។ លទ្ធផលទាំងនេះបង្ហាញពីជំនឿយ៉ាងរឹងមាំរបស់អាស៊ាន ចំពោះគំនិតបែបពហុភាគីនិយម គឺជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងសម្រាប់ការរីកចំរើន និងស្ថេរភាពនៃតំបន់។

នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣នោះដែរ ឯកឧត្តម លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ បាន អញ្ជើញជូនរង្វាន់ដល់ជ័យលាភី តម្លៃប្រមាណ ២ម៉ឺន៥ពាន់ដុល្លា ដល់តំណាងអង្គការថែរក្សាកុមារអន់សតិក្នុងប្រទេសហ្វីលីពីន។ បន្ទាប់មក មេដឹកនាំអាស៊ានទាំងអស់ក៏បានថតរូបអនុស្សាវរីយ៍នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានថ្ងៃនេះ។ សូមបញ្ជាក់ដែរថា មេដឹកនាំអាស៊ានក៏បានអញ្ជើញតាមដានស្តាប់នូវបទបង្ហាញដោយក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន និង បានអញ្ជើញបើកកិច្ចប្រជុំកំពូលពេញអង្គអាស៊ានលើកទី៣៣ និងពិធីពិសាយភោជនាហារការងារ ពេលល្ងាចដែលបានរៀបចំដោយ ឯឧ លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី៕