សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ក្នុងគោលបំណងកៀរគរសិល្បករ សិល្បការិនីល្បីៗ នៅកម្ពុជា ដើម្បីចូលរួមគាំទ្រពិធីសម្ពោធវិមានឈ្នះ-ឈ្នះ និងអបអរសាទរខួបលើកទី២០ នៃទិវានយោបាយឈ្នះ-ឈ្នះ នៅពេលខាងមុខនេះ។
ពិធីជួបសំណេះសំណាលនេះ ធ្វើឡើងនៅអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានការអញ្ជើញចូលរួមពីសំណាក់ស្ថាប័ន អង្គភាពពាក់ព័ន្ធ រួមទាំងថ្នាកដឹកនាំក្រសួងការពារជាតិ សិល្បករ សិល្បការិនី ល្បីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា យ៉ាងច្រើនកុះករផងដែរ។
ពិធីអបអរសាទរទិវានយោបាយឈ្នះឈ្នះនេះ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីឱ្យមានភាពអធិកអធមថែមទៀត ស្របទៅនឹងសមិទ្ធផល ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានលើគ្រប់វិស័យ នៅក្នុងរយៈពេល២០ឆ្នាំ ចុងក្រោយនេះ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣១ ខែតុលាកន្លងទៅ បានប្រកាសជាសាធារណៈថា សម្តេចនឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំ រយៈពេល៣យប់៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ នៅវិមានឈ្នះ-ឈ្នះ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា តាមនយោបាយឈ្នះឈ្នះ ដោយទទួលបានឯកភាពទឹកដីជាលើកដំបូង។
ការសាងសង់វិមានឈ្នះ ឈ្នះ នេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀតវិមាននេះ ក៏ជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។ ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ៕