ក្រសួងបរិស្ថានយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចគាំពារបរិស្ថាន និងធនធានធម្មជាតិ ដោយរៀប ចំបង្កើតវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន


មន្រ្ដីជាន់ខ្ពស់ក្រសួងបរិស្ថានបានលើកឡើងថា ក្រសួងបានយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ច គាំពារបរិស្ថាន និងធនធានធម្មជាតិ ដែលជំរុញកិច្ចសហប្រតិបត្តិការពីគ្រប់មជ្ឈដ្ឋាន និងការ អភិវឌ្ឍប្រកបដោយនិរន្តរភាព ដោយបានរៀបចំបង្កើតជាវេទិកាយុវជនជជែកពិភាក្សាអំពី បរិស្ថាន ដើម្បីផ្ដល់នូវចំណេះដឹង និងរួមចំណែកផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ។ នេះបើ​យោងតាមការផ្សាយរបស់ក្រសួងបរិស្ថា្ថន

ក្នុងពិធីបិទវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០១៨វគ្គផ្តាច់ព្រ័ត្រ ក្រោម ប្រធានបទ កម្មវិធីទីក្រុងនិរន្តរភាព ជាជម្រើសតែមួយក្នុងការលើកកម្ពស់ សុខុមាលភាព សាធារណៈនៅកម្ពុជា កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម នេត ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០១៨ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងរបស់យុវជន និងនាំមកនូវ គំនិតស្រាវជ្រាវថ្មីៗតាមបែបវិទ្យាសាស្រ្ត សម្រាប់បង្កើនកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធាន ធម្មជាតិ និងជីវចម្រុះ និងការអភិវឌ្ឍដោយចីរភាព ។ឯកឧត្តមរដ្ឋលេខាធិការបានបន្ដថា ការ អភិវឌ្ឍប្រកបដោយនិរន្តរភាព និងចីរភាព គឺជាការងារដែលក្រសួងបរិស្ថានបានគិតគូរយក ចិត្តទុកដាក់យ៉ាងខ្លាំង ពីព្រោះការអភិវឌ្ឍចាំបាច់ត្រូវធានានូវបរិស្ថានមួយដែលល្អស្អាត និង គោរពនូវបទដ្ឋានបរិស្ថាន ។

ឯកឧត្តម នេត ភក្រ្តា ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ប្អូនៗ និស្សិត ទាំងអស់ ដែលបានចូលរួមក្នុងការប្រកួតប្រជែងវេទិកាពិភាក្សានាពេលនេះ ជាពិសេសការ ខិតខំសិក្សាស្រាវជ្រាវចំណេះដឹងអំពីបរិស្ថាន និងលើកយកនូវប្រធានបទល្អៗជាច្រើន ស្តីពី ផលប៉ះពាល់នានាពីបរិស្ថាន ដែលជាផ្នែកមួយពង្រឹងស្មារតីក្នុងការពង្រីកនូវចំណេះដឹងបន្ថែម ទៀតស្វែងរកអ្វីថ្មីៗ។ ឯកឧត្តមបានបន្ថែមថា តាមរយៈកិច្ចពិភាក្សានាពេលនេះគឺការផ្លាស់ប្តូរ បទពិសោធន៍ពីគ្នាទៅវិញទៅមករបស់ប្អូនជានិស្សិត នឹងក្លាយទៅជាផលប្រយោជន៍សម្រាប់ យុវជនផ្សេងៗទៀត ក៏ដូចជាប្រជាពលរដ្ឋយើង និងអ្នកសិក្សាស្រាវជ្រាវ ក្នុងការយល់ដឹង បន្ថែមអំពីចំណេះដឹងទូទៅស្តីពីបរិស្ថាន ធនធានធម្មជាតិ និងសហគមន៍។ ជាមួយគ្នានេះ ដែរនៅគ្រប់សហគមន៍ក្រសួងបរិស្ថានបានអភិវឌ្ឍជីវភាពរបស់ប្រជាសហគមន៍ឱ្យកាន់តែមានភាពខ្ពង់ខ្ពស់រីកចម្រើន ដោយសារតែប្ងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ជុំវិញ តំបន់ការពារធម្មជាតិ ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការការពារធនធានធម្មជាតិ។ តែទោះបីយ៉ាងណាក៏ដោយ បើសិនជាពួកគាត់មិនមានជីវភាពល្អប្រសើរ មុខរបរនិងប្រភព ចំណូលពិតប្រាកដនោះទេ គឺគាត់នឹងបន្តនូវការងារចាស់របស់គាត់ទៀត ការកាប់នូវអនុ ផលព្រៃឈើ ការបរបាញ់និងចាប់សត្វព្រៃខុសដោយច្បាប់ ជាផ្នែកមួយនៃការប៉ះពាល់ និងអន្ដរាយដល់ធនធានធម្មជាតិរបស់កម្ពុជាយើង ។

សូមបញ្ជាក់ថា ចំពោះក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ១ គឺក្រុមនិស្សិត មកពី សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទទួលបានពាន១ ថវិកា១.៦០០.០០០រៀល និង មេដាយមាសម្នាក់១ លេខ២សាកលវិទ្យាល័យមេគង្គកម្ពុជា ទទួលបានទឹកប្រាក់១.៤០០. ០០០រៀល និងមេដាយប្រាក់ម្នាក់១ លេខ៣សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យា សាស្រ្តសេដ្ឋកិច្ច ទទួលបានទឹកប្រាក់ ១.២០០.០០០រៀល និងមេដាយសំរឹទ្ធិម្នាក់១ និងលេខ ៣ស្ទួន សាកលវិទ្យាល័យជាតិគ្រប់គ្រង ទទួលបានថវិកា១.២០០.០០០រៀលផងដែរ៕