ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធី ធុរកិច្ចផលិតផលចំណីអាហាររបស់កូរ៉េឆ្នាំ (K-Food Business Show 2018)


នៅល្ងាចថ្ងៃដដែល បន្ទាប់ពីជំនួបជាមួយប្រតិភូអញ្ជើញមកពីធនាគារអភិវឌ្ឍអាស៊ី ឯកឧត្តមរដ្ឋមន្រ្តីបានអញ្ជើញជាអធិបតីក្នុងពិធី ធុរកិច្ចផលិតផលចំណីអាហាររបស់កូរ៉េឆ្នាំ (K-Food Business Show 2018) ដែលប្រារព្វនៅសណ្ឋាគារ The Great Duke Hotel សហការរៀបចំដោយស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុនកូរ៉េដែលបាននិងកំពុងវិនិសយោគលើវិស័យកសិកម្មនៅកម្ពុជា។ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខ្លួនលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ ព្រមទាំងសម្តែងនូវការអបអរសារទ និងគាំទ្រយ៉ាងកក់ក្តៅចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងដៃគូពាក់ព័ន្ធទាំងអស់ដែលបានផ្តួចផ្តើមគំនិតរៀបចំការតាំងបង្ហាញផលិតផលអាហារដ៏មានសារៈសំខាន់នាថ្ងៃនេះ ហើយដែលជាឱកាសមួយបង្ហាញឱ្យឃើញយ៉ាងប្រត្យ័ក្សនូវផលិតផលចំណីអាហារពីកូរ៉េ ក៏ដូចជាផលិតផលផលិតនៅកម្ពុជាដោយក្រុមហ៊ុនកូរ៉េ ឆ្លើយតបទៅនឹងលំហូរពាណិជ្ជកម្មសេរីនៃផលិតផលស្បៀងអាហារក្នុងបរិបទសាកលភាវូបនីយកម្ម ហើយក៏ជាឱកាសសម្រាប់ចែករំលែកអំពីបទពិសោធន៍នៃការផលិត និងកែច្នៃផលិតផលចំណីអាហារប្រកបដោយគុណភាព សុវត្ថិភាព ធានាសុខុមាលភាពសាធារណៈ និងទាក់ទាញវិនិយោគិនកូរ៉េមកវិនិយោគផលិត និងកែច្នៃផលិតផលចំណីអាហារនៅកម្ពុជា សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅកម្ពុជា ក៏ដូចជាការនាំចេញ។
ក្នុងបរិការណ៍នេះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននិងកំពុងខិតខំពង្រឹងកិច្ចសហប្រតិ-បត្ដិការជាមួយដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជនដើម្បីគាំទ្រលើការវិនិយោគ ជាពិសេសលើគ្រប់ខ្សែចង្វាក់តម្លៃបន្ថែម និងខ្សែចង្វាក់ផ្គត់ផ្គង់ស្បៀងអាហារ តាមរយៈការបង្កើនផលិតភាពកសិកម្ម ការវេចខ្ចប់ ការរក្សាស្តុកទុក កែច្នៃប្រកបដោយគុណភាព សុវត្ថិភាព និងការចែកចាយផ្គត់ផ្គង់ផលិតផលស្បៀងអាហារ សមស្របតាមស្តង់ដារ ឆ្លើយតបទៅតាមតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស។ ពិតណាស់ថា ដើម្បីសម្រេចគោលដៅនេះ គ្រប់ភាគីពាក់ព័ន្ធត្រូវបន្តកិច្ចសហប្រតិបត្តិការឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្នាជាមួយគ្រប់ក្រសួង-ស្ថាប័ន អាជ្ញាធរដែនដី វិស័យឯកជន និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ តាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍”។ ដូច្នេះ វត្តមានរបស់សមាជិក សមាជិកា នៃអង្គវេទិកា ពិសេសវត្តមានរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ រួមទាំងវិនិយោគិនទាំងអស់នាពេលនេះ គឺជាចលករមួយដ៏សំខាន់ដើម្បីសម្រេចនូវគោលបំណងរបស់យើងទាំងអស់គ្នាប្រកបដោយក្តីសង្ឃឹម។
ជាទីបញ្ចប់ជាមួយនឹងការអបអរសាទរ និងគាំទ្រពិធីតាំងបង្ហាញ “ធុរកិច្ចផលិតផលចំណីអាហាររបស់កូរ៉េឆ្នាំ ២០១៨ នាពេលនេះ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តីបានជូនពរឲ្យដំណើរការនៃពិធីនេះប្រព្រឹត្តទៅទទួលជោគជ័យតាមការរំពឹងទុក។