ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន​ បាន អញ្ជើញបិទវគ្គបណ្តុះបណ្តាល​នាយទាហាន ថ្នាក់កងអនុសេនាតូច និងអនុសេនាធំថ្មើរជើងជំនាន់ទី២ និងមន្រ្តីឧទ្យានុរក្ស ជំនាន់ទី៧របស់ក្រសួងបរិស្ថាន


ភ្នំពេញ ៖ បន្ទាប់ពីដំណើរការហ្វឹកហ្វាត់អស់​រយៈពេល១ខែ​កន្លងមក វគ្គបណ្តុះបណ្តាលនាយទាហាន ថ្នាក់កងអនុសេនាតូច និងអនុសេនាធំថ្មើរជើងជំនាន់ទី២ និងមន្រ្តីឧទ្យានុរក្ស ជំនាន់​ទី៧របស់ក្រសួងបរិស្ថាន ត្រូវបានធ្វើ​ពិធីបិទវគ្គ​ក្រោមវត្តមាន​ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រី្តក្រសួងបរិស្ថាន ស្ថិតក្នុងសាលានាយទាហានសកម្ម (ត្មាតពង) ស្រុងឧត្តុង្គ ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយករងសាលានាយទាហានសកម្ម និងជាសហប្រធានគ្រប់គ្រងវគ្គ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ សភក្រ្តា នាយរងសេនាធិការចម្រុះ និងជានាយកសាលានាយទាហានសកម្ម បានឱ្យដឹងថា ៖ វគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ពិតជាបានឆ្លើយតបទាន់ពេលវេលានូវគោល​នយោបាយកសាងធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ និងធនធានមនុស្សផ្នែកឧទ្យានុរក្សក្រសួងបរិស្ថាន ដែលជាតម្រូវការចាំបាច់របស់សង្គមជាតិ ហើយជាការឆ្លើយតបនូវបរិបទថ្មី នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ ដែលបានដាក់ចេញនូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកដោយនិរន្តរភាព និងអភិវឌ្ឍនៈភាព​សង្គម ។
ឯកឧត្តម ផៃ ប៊ុនឈឿន បានមានប្រសាសន៍ថ្លែងនូវការកោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងបានយកចិត្តទុកដាក់សហការរហូតវគ្គនេះបានបញ្ចប់ដោយជោគជ័យ ទទួលបានផ្លែផ្កាគួរជាទីមោទនៈ​ ក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់សមត្ថភាពដល់ឆ្មាំងតំបន់ការពារធម្មជាតិ និងដើម្បីឆ្លើយតបនឹងហេតុការណ៍ដែលកើតឡើងជាយថាហេតុ នៅគ្រប់ទីកន្លែងអោយបានទាន់ពេលវេលា និងធានាអោយមានសន្តិសុខ ព្រមទាំងអោយបានជោគជ័យប្រកបដោយសុវត្ថិភាពខ្ពស់ ។
ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងដែរថា ថ្វីត្បិតតែវគ្គបណ្តុះបណ្តាលនេះមានរយៈពេលខ្លី ប៉ុន្តែវាគឺជាគ្រឹះដ៏មានសារៈសំខាន់​បំផុត សម្រាប់ការកសាងសមត្ថភាពជំនាញជាមូលដ្ឋានរបស់នាយទាហាន និងមន្រ្តីឧទ្យានុរក្សទាំងអស់ ទាំងទ្រឹស្តីនិងការអនុវត្តជាក់​ស្តែងនៅទីវាល ។ លើសពីនេះទៅទៀត ដោយស្ថានភាពពិភពលោកបច្ចុប្បន្នមានការវិវត្តន៍យ៉ាងលឿន ជាពិសេសបច្ចេក​វិទ្យា និងការអប់រំបន្តតាមគ្រប់រូបភាព គឺជាកត្តាចាំបាច់ដែលសិក្ខាកាមទាំងអស់ ខិតខំអភិវឌ្ឍចំណេះដឹងរបស់ខ្លួនឱ្យបានជាប្រចាំ ដោយក្នុងនោះគួររៀបចំឱ្យមានវគ្គ វិក្រឹត្យការ និងសុក្រឹត្យការឱ្យបានច្រើនផងដែរ ។
សូមបញ្ជាក់ថា ៖ វគ្គបវណ្តុះបណ្តាលនាយទាហានថ្នាក់កងអនុសេនាតូច និងអនុសេនាធំថ្មើរជើងជំនាន់ទី២ និងបើកវគ្គបណ្តុះបណ្តាលមន្រ្តីឧទ្យានុរក្ស ជំនាន់ទី៧របស់ក្រសួងបរិស្ថាន មាន​រយៈពេល១ខែ គឺចាប់ពីថ្ងៃទី១៦ ខែតុលា ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយក្នុងនោះមានមុខវិជ្ជា ចិត្តសាស្រ្ត យុទ្ឋវិធីថ្នាក់មូលដ្ឋាន ការសង្គ្រោះបឋម ការរស់នៅតំបន់ព្រៃភ្នំ លំហាត់របៀប និងកាយសិក្សាយោធា និងកីឡា៕