ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េរៀបចំពិធីបុណ្យឯករាជ្យជាតិយ៉ាងអធិកអធមនៅទីក្រុងសេអ៊ូល


នៅល្ងាចថ្ងៃពុធទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានរៀបចំពិធីជប់លៀងជាផ្លូវការអបអរសាទរបុណ្យឯករាជ្យជាតិ និងបុណ្យកំណើតកងយោធពលខេមរ:ភូមិន្ទ នៅសណ្ឋារគារ Lotte Hotel នាទីក្រុងសេអ៊ូល ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ-អន្ដរជាតិ ចូលរួមប្រមាណ៣៦០នាក់ រួមមានតំណាងរដ្ឋាភិបាលកូរ៉េជាអនុរដ្ឋមន្ត្រីការបរទេស ឯកឧត្តម KANG
Jeong-sik, និងតំណាងរដ្ឋសភាជាតិ ឯកឧត្តម Byung Jae-ill, សមាជិករដ្ឋសភាជាតិកូរ៉េ និងជាអនុប្រធានក្រុមសភាមិត្តភាពកម្ពុជា-កូរ៉េ រួមជាមួយនឹងបណ្តាអគ្គរាជទូត-រដ្ឋទូត និងសេនានុព័ន្ធយោធា ព្រមនឹងមន្ត្រីអាជ្ញាធរកូរ៉េពាក់ព័ន្ធ រួមទាំងបណ្តាវិស័យឯកជនកូរ៉េ។

បានថ្លែងទៅកាន់បណ្ដាបណ្តាអគ្គរាជទូត-រដ្ឋទូតជិត៥០ និងភ្ញៀវអន្ដរជាតិជាង២០០នាក់ ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា បានរៀបរាប់ពី ឯករាជ្យជាតិ សន្ដិភាព ស្ថេរភាពនយោបាយ របស់កម្ពុជានាពេលបច្ចុប្បន្នដែលបានមកដោយលំបាក គឺបានលះបង់សាច់ស្រស់ឈាមរបស់យុទ្ធជនពលីរាប់សែននាក់ ហើយបានបង្ហាញពីសក្ដានុពលទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជាដល់ភ្ញៀវចូលរួម។

គួរបញ្ចាក់ដែរថាក្នុងពិធីជប់លៀងផ្លូវការអបអរសាទរបុណ្យឯករាជ្យជាតិនេះក៏បានរៀបចំបម្រើភ្ញៀវនូវមុខម្ហូប នំ បង្អែមខ្មែរ ព្រមជាមួយក្រម៉ាអនុស្សាវរីយដល់ភ្ញៀវចូលរួមទាំងអស់ផងដែរ៕