ភ្នំពេញថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៦–នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោក Dany Samuel នាយកប្រតិបត្តិនៃក្រុមហ៊ុនអន្តរជាតិ ITNL Pte Ltd លោក Tran The Thanhនាយករងនៃក្រុមហ៊ុនអន្តរជាតិ ITNL លោក Jesudas Bell ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអន្តរជាតិ Futurelinks Pte Ltd ដោយ មានការអមដំណើរពីលោកNSitlhouលេខាទីមួយនៃស្ថានទូតឥណ្ឌាប្រចាំកម្ពុជា។
លោក Samuel បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តី អំពីគំនិត និងបញ្ហាអាទិភាពរបស់ក្រុមហ៊ុននេះ និងបាន សម្តែងចំណាប់អារម្មណ៍របស់ខ្លួន នៅក្នុងការពិចារណាលើឱកាសថ្មីនៃការវិនិយោគលើវិស័យហេដ្ឋារចនា សម្ព័ន្ធនៅកម្ពុជា។
លោក Samuel បានណែនាំឱ្យស្គាល់នូវផលិតផលរបស់ខ្លួន ដែលមានឈ្មោះថា Macrosealជាសារធាតុ ការពារគុណភាពផ្លូវថ្នល់ (customized microsurfacing solution) ដែលអាចធ្វើឱ្យប្រសើរឡើងដល់គុណភាព នៃការសាងសង់ផ្លូវ។លោកបានកត់សម្គាល់ថាផលិតផល នេះជួយការពារផ្ទៃលើនៃផ្លូវថ្នល់ឱ្យជាប់បានយូរ អង្វែង។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងការកោតសរសើរចំពោះលោក Samuels ដែលបានផ្តល់ ព័ត៌មាននេះ និងបានស្នើឱ្យក្រុមហ៊ុននេះផ្ដល់ប៉ាន់ផលិតផលមួយសម្រាប់ធ្វើតេស្តនៅកម្ពុជា។