សមាជិកគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក រៀបចំពិធីអបអរសាទរខួប៦៨ឆ្នាំ ថ្ងៃកំណើតបក្ស


(សហរដ្ឋអាមេរិក)៖ ប្រជាពលរដ្ឋខ្មែររស់នៅលើទឹកដីអាមេរិកក្នុងរដ្ឋតិចសាស់ និងរដ្ឋ Kentucky ជាង ៤០០នាក់ដែលជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅសប្តាហ៍កន្លងទៅនេះបានជួបជុំគ្នារៀបចំ ពិធីអបអរសាទរខួប៦៨ឆ្នាំថ្ងៃកំណើតបក្ស (២៨-មិថុនា-១៩៥១ ដល់ ២៨ – មិថុនា-២០១៩)។

ពិធីអបអរសាទរខួបកំណើតគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សដឹកនាំប្រទេសកម្ពុជា ត្រូវបានប្រារព្ធឡើងយ៉ាងសប្បាយរីករាយ និងស្និទ្ធស្នាល ក្រោមអធិបតីភាពរបស់ ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិចស៊ិចកូ និងជាប្រធានគណៈកម្មាធិការបក្សប្រចាំសហរដ្ឋអាមេរិក។

ពិធីនេះរៀបចំឡើងក្នុងន័យចងចាំជានិច្ចនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូលះបង់គ្រប់បែបយ៉ាង ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីសង្គ្រាម និងរបបប្រល័យពូជសាសន៍ និងបានដឹកនាំប្រទេសជាតិ ប្រកដដោយសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

ក្នុងពិធីនោះ ក៏បានផ្សព្វផ្សាយខ្លឹមសារសុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសខួបលើកទី៦៨ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា។ ក្នុងសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញឱ្យឃើញពីការចូលរួមដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការរួមចំណែកទាមទារឯករាជ្យពីអាណានិគមបារាំងក្រោយបង្កើតឡើងនៅឆ្នាំ១៩៥១។ ជាពិសេស គឺគុណតម្លៃដ៏ធំធេងរបស់បក្សក្នុងការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រឹងប្រែងស្វះស្វែងរកសុខសន្តិភាព បិទបញ្ចប់ភ្លើងសង្គ្រាម និងការស្តារ អភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនដូចពេលបច្ចុប្បន្ន។

ក្នុងសុន្ទរកថា ក៏បានរំលេចផងដែរពីការប្តេជ្ញាចិត្តរបស់សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិ ការពារប្រយោជន៍ជាតិ និងប្រជាជន។ ជាពិសេសការប្រកាន់ជំហដ៏ម៉ឹងម៉ាត់ក្នុងការថែរក្សានូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ ដែលកម្ពុជាប្រឹងប្រែងរកបានដោយលំបាកបំផុតនេះ មិនឱ្យក្រុមប្រឆាំងជ្រុលនិយមដែលក្បត់នឹងផលប្រយោជន៍ជាតិ និងប្រជាជន ឬមជ្ឈដ្ឋានអគតិនៅខាងក្រៅណាមកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ក្នុងតម្លៃណាក៏ដោយនោះ។

កម្មវិធីជួបជុំអបអរសាទរខួបទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅយ៉ាងរលូន និងប្រកបដោយសប្បាយរីករាយនេះ។ ជាពិសេសសមាជិក សមាជិកា បានសម្តែងការជឿជាក់ និងគាំទ្រយ៉ាងមុតមាំចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

សូមបញ្ជាក់ថា ពិធីអបអរសាទរថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជានេះ ត្រូវបានសហការរៀបចំឡើងដោយលោក សូ វិសុទ្ធី ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា តំបន់កណ្តាលខាងត្បូង, លោក ចាន់ អេងឡុង ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋតិចសាស់។

គណៈកម្មធិការសាខាបក្ស អនុសាខាបក្ស និងយុវជនបក្សតំបន់នានារួមមាន៖ សាខាគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋតិចសាស់ Texas, យុវជនបក្សប្រចាំរដ្ឋតិចសាស់, អនុសាខាបក្សប្រចាំទីក្រុង Houston, អនុសាខាបក្សប្រចាំទីក្រុង Dallas, អនុសាខាបក្សប្រចាំទីក្រុង Baytown, អនុសាខាបក្សប្រចាំទីក្រុង Sugar Land, យុវជនប្រចាំទីក្រុង Tyler, លោក ប៉ាន់ នូហ៍ប៉ា កុងស៊ុលកិត្តិយស ប្រចាំទីក្រុង Dallas, បងប្អូនខ្មែរមកពីទីក្រុង Austin, បងប្អូនខ្មែរមកពីរដ្ឋនានា Louisiana, Mississippi និង Massachusett រួមជាមួយសិល្បៈករជើងចាស់ដូចជា អ្នកនាង អំពរទេវី ។ល។

ដោយឡែកនៅ Kentucky ត្រូវបានរៀបចំដោយ លោក ដេវីត ជិន ប្រធានគណៈកម្មធិការសាខាគណបក្សប្រចាំរដ្ឋ Kentucky, លោក យស សុខេមរៈ អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនទទួលបន្ទុកតំបន់កណ្តាលខាងត្បូង Central South សហរដ្ឋអាមេរិក, លោក ឡៅ លីហុក ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនទទួលបន្ទុករដ្ឋ Kentucky និងលោក ឈួន សុវណ្ណនរា សមាជិកក្រុមការងារ តំបន់កណ្តាលខាងត្បូង Central South៕