គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនៅកម្ពុជាបាននិងកំពុងសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីផ្តល់សេវាកម្មតាមរយៈកម្មវិធីទូរស័ព្ទដៃមួយឈ្មោះ ”ទន្លេសាប” ដើម្បីផ្តល់ព៌តមានកសិកម្មដល់កសិករ។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានមានប្រសាសន៍ឲ្យដឹង ក្នុងពិធីសម្ភោធកម្មវិធីនេះកាលពីថ្ងៃទី២៩ មករាកន្លងមកថា មូលហេតុដែលអេ អឹម ខេ ផ្តួចផ្តើមគំនិតក្នុងការបង្កើតកម្មវិធីនេះឡើង ដោយមានការចូលរួមគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា អង្គការជាតិនិងអន្តរជាតិជាច្រើន ហើយនេះក៏ជាសមិទ្ធិផលថ្មីមួយទៀតដែល អេ អឹម ខេ បានចូលរួមចំណែកជួយលើកម្ពស់វិស័យកសិកម្មនៅកម្ពុជា។
លោកឲ្យដឹងទៀតថា “បច្ចុប្បន្នប្រមាណ៩០ភាគរយនៃអតិថិជនរបស់ អេ អឹម ខេ រស់នៅតំបន់ជនបទ ហេតុនេះទើបយើងបង្កើតកម្មវិធីនេះឡើង ដើម្បីផ្តល់ព៌តមានដល់អតិថិជន។
លោក ស្រ៊ុន សុខុម អគ្គនាយករងអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា កម្មវិធីលើទូរស័ព្ទដៃនេះ បង្កើតឡើងស្របនិងទិសដៅរបស់រដ្ឋាភិបាល និងសម័យបច្ចេកវិទ្យាទូរស័ព្ទ ដើម្បីជួយផ្តល់ជាចំណេះដឹងផ្នែកកសិកម្មដល់ប្រជាពលរដ្ឋ ជាពិសេសកសិករកម្ពុជាដែលអាច ងាយស្រួលក្នុងការស្វែងរកប្រភពចំណេះដឹងនានាក្នុងវិស័យកសិកម្មនេះ។
កម្មវិធីទូរស័ព្ទដៃឈ្មោះទន្លេសាបនេះ បានបង្កើតឡើងក្នុងគោលបំណងជួយផ្តល់ចំណេះដឹងដល់កសិករពីបច្ចេកទេស ព័ត៌មានទីផ្សារកសិកម្ម ផ្តល់គន្លឹះសំខាន់ៗក្នុងការដាំដំណាំ ស្វែងរកសម្ភារកសិកម្ម និងចិញ្ចឹមសត្វឱ្យកាន់តែប្រសើរឡើង មិនតែប៉ុណ្ណោះកសិករអាចស្វែងរកសេវាហិរញ្ញវត្ថុ ដើម្បីពង្រីកមុខរបរកសិកម្ម បានតាមរយៈកម្មវិធីថ្មីនេះ។ គិតត្រឹមខែធ្នូ ឆ្នាំ២០១៨ អេ អឹម ខេ មានអតិថិជនសរុបចំនួនជាង៧៦ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង២៥២លានដុល្លារ និងប្រាក់បញ្ញើជាង១៥៨លានដុល្លារអាមេរិក៕