ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគំរោងវិនិយោគរបស់ក្រុមហ៊ុនចំនួន៤ ដែលមានទុនវិនិយោគតម្លៃប្រមាណជាង ១៩លានដុល្លារអាមេរិក។
យោងតាមសេចក្តីប្រកាសព៌តមានរបស់ CDC បានឲ្យដឹងកាលពីល្ងាចថ្ងៃទី២៨ កុម្ភៈកន្លងមកថា តបតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនដូចជា៖
ទី១-“NEWCOMER LUGGAGE AND BAGS (CAMBODIA) MANUFACTURING CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.២៥០កន្លែង។
ទី២-“ANDERSEN INDUSTRIES CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ពេទ្យ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.៩៥២កន្លែង។
ទី៣-“HAO MAI (CAMBODIA) GARMENT CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៧១១កន្លែង។
៤-“YUN LAI GARMENT CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣(អតីតភូមិទ្រា សង្កាត់ស្ទឹងមានជ័យ) ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.៩២៤កន្លែង៕