ផ្លូវ១២ខ្សែក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រួមមានផ្លូវលេខ ១០០, ៨១៤, ៨១៨, ១០៣, ១៤៣, ៧០១, ១០៨៣, ២០៩, ៨២៣, ៨២៧, ៨២១ និង៨២៥ នឹងត្រូវជួសជុលឡើងវិញដោយចំណាយថវិកាប្រមាណ ២៥ ២៨៨លានរៀល (ជាង ៦,២លានដុល្លារ)។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីកិច្ចប្រជុំពាក់ព័ន្ធនឹងគម្រោងជួសជុលផ្លូវ២២ខ្សែក្នុងក្រុង ព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
តាមបទបង្ហាញនៃវឌ្ឍនភាពគម្រោងកែលម្អផ្លូវ ២២ខ្សែ ក្នុងក្រុងព្រះសីហនុ ក្នុងនោះរួមមាន៖
១. គម្រោងអនុវត្តប្រើប្រាស់ថវិកាក្រសួងសាធារណការ និងដឹកជញ្ជូន
២. ផែនការគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរទេសចរណ៍នាគរាជ
៣. ផែនការស្ថាបនាផ្លូវក្នុងតំបន់អភិវឌ្ឍន៍ក្នុងកំពង់ផែឧកញ៉ាម៉ុង
៤.គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ជាការងារអាទិភាព ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២។
យោងតាមជំពូក២១ (គម្រោងវិនិយោគផ្ទាល់) ក្រសួងនឹងប្រើប្រាស់ថវិកាជាតិជួសជុលផ្លូវចំនួន ៣កំណាត់ ។
ក្រសួងមានគម្រោងប្រើប្រាស់ឥណទានថវិការបស់រដ្ឋបាលថ្នាក់ ក្រោមជាតិជួសជុលផ្លូវក្នុងក្រុងចំនួន ១២ខ្សែខាងលើ ក្នុងនោះមានផ្លូវចំនួន ៦ខ្សែ គ្រោងនឹងប្រើប្រាស់ថវិកាដែលបានមកពីសំណង់បណ្តាក្រុមហ៊ុន ឬវិនិយោគដែលធ្វើឱ្យផ្លូវខូចខាតក្នុងក្រុងព្រះសីហនុ ដោយសារការដឹកជញ្ជូនសម្ភារៈផ្សេងៗបម្រើការក្នុងការសាងសង់អគារប្រកប អាជីវកម្មធំៗតាមផ្លូវ ផ្វើឱ្យខូចខាតផ្លូវក្នុងខេត្ត។ លើសពីនេះទៅទៀតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏មានគម្រោងប្រើប្រាស់ថវិកាផ្ទាល់របស់កំពង់ផែទទួលបន្ទុក (Overlay) ផ្លូវលេខ៧០០។
ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណដល់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានជួយពន្លឿនគម្រោងប្រើប្រាស់ឥណទានថ្នាក់ក្រោមជាតិ ក្នុងការជួសជុលកំណាត់ផ្លូវ ១២ខ្សែ ក្នុងក្រុងព្រះសីហនុឡើងវិញ ដើម្បីជួយសម្រួលចរាចរណ៍ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ និងកែលម្អសោភ័ណភាព និងបរិស្ថាន។
ឯកឧត្តម ស៊ុន ចាន់ថុល បានជំរុញឱ្យក្រុមការងារជំនាញ ពិនិត្យមើលលទ្ធភាពក្នុងការកៀរគរ ឬខ្ចីប្រភពថវិកាផ្សេងៗ ដើម្បីយកមកស្ថាបនា ជួសជុលកំណាត់ផ្លូវ ៦ខ្សែ ដែលខ្វះប្រភពថវិកា ដែលជាឥណទានថវិកាថ្នាក់ក្រោមជាតិ និងកែលម្អផ្លូវផ្សេងៗទៀតក្នុងក្រុងព្រះសីហនុ ដើម្បីត្រៀមរៀបចំព្រឹត្តិការសំខាន់ៗនៅពេលខាងមុខមានដូចជា បុណ្យសមុទ្រនៅឆ្នាំ២០២០ និងរៀបចំកិច្ចប្រជុំអាស៊ាននៅឆ្នាំ ២០២២ខាងមុខ៕