ផ្លូវ១២ខ្សែក្នុងក្រុងព្រះសីហនុ នឹងត្រូវជួសជុលឡើងវិញដោយចំណាយថវិកាជាង ៦លានដុល្លារ


ផ្លូវ១២ខ្សែ​ក្នុង​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ រួមមាន​ផ្លូវលេខ ១០០, ៨១៤, ៨១៨, ១០៣, ១៤៣, ៧០១, ១០៨៣, ២០៩, ៨២៣, ៨២៧, ៨២១ និង​៨២៥ នឹង​ត្រូវ​ជួសជុល​ឡើងវិញ​ដោយ​ចំណាយ​ថវិកា​ប្រមាណ ២៥ ២៨៨លានរៀល (ជាង ៦,២លានដុល្លារ)។ នេះបើ​តាម​ការចុះផ្សាយរបស់​រដ្ឋបាល​ខេត្តព្រះសីហនុ ស្តីពី​កិច្ចប្រជុំ​ពាក់ព័ន្ធ​នឹង​គម្រោង​ជួសជុល​ផ្លូវ២២ខ្សែ​ក្នុង​ក្រុង​ ព្រះសីហនុ នាព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩។ កិច្ច​ប្រជុំនេះ ដឹកនាំ​ដោយ​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសាធារណការ និង​ដឹកជញ្ជូន និង​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ។

តាមបទ​បង្ហាញ​នៃ​វឌ្ឍនភាព​គម្រោង​កែលម្អផ្លូវ ២២ខ្សែ ក្នុងក្រុង​ព្រះសីហនុ ក្នុងនោះ​រួមមាន៖

១. គម្រោង​អនុវត្ត​ប្រើប្រាស់​ថវិកា​ក្រសួងសាធារណការ និងដឹកជញ្ជូន

២. ផែនការ​គម្រោង​អភិវឌ្ឍន៍​តំបន់​ឆ្នេរទេសចរណ៍​នាគរាជ

៣. ផែនការ​ស្ថាបនា​ផ្លូវ​ក្នុង​តំបន់​អភិវឌ្ឍន៍​ក្នុង​កំពង់ផែ​ឧកញ៉ា​ម៉ុង

៤.គម្រោង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធនានា ជា​ការងារ​អាទិភាព ដើម្បី​ត្រៀមរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ២០២២។

យោងតាម​ជំពូក២១ (គម្រោង​វិនិយោគ​ផ្ទាល់) ក្រសួង​នឹងប្រើប្រាស់​ថវិកា​ជាតិ​ជួសជុលផ្លូវ​ចំនួន ៣​កំណាត់ ។

ក្រសួង​មាន​គម្រោង​ប្រើប្រាស់​ឥណទាន​ថវិកា​របស់​រដ្ឋបាល​ថ្នាក់​ ក្រោមជាតិ​ជួសជុល​ផ្លូវ​ក្នុង​ក្រុង​ចំនួន ១២​ខ្សែ​ខាងលើ ក្នុងនោះ​មា​នផ្លូវ​ចំនួន ៦​ខ្សែ គ្រោងនឹង​ប្រើប្រាស់​ថវិកា​ដែលបាន​មកពី​សំណង់​បណ្តា​ក្រុមហ៊ុន ឬវិនិយោគ​ដែល​ធ្វើឱ្យ​ផ្លូវខូចខាត​ក្នុងក្រុង​ព្រះសីហនុ ដោយសារ​ការដឹកជញ្ជូន​សម្ភារៈ​ផ្សេងៗ​បម្រើ​ការក្នុង​ការ​សាងសង់​អគារ​ប្រកប​ អាជីវកម្មធំៗ​តាមផ្លូវ ផ្វើឱ្យ​ខូចខាតផ្លូវ​ក្នុងខេត្ត។ លើសពីនេះ​ទៅទៀត​កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក៏មាន​គម្រោងប្រើប្រាស់​ថវិកា​ផ្ទាល់របស់កំពង់ផែ​ទទួលបន្ទុក (Overlay) ផ្លូវលេខ​៧០០។

ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណ​ដល់​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបាន​ជួយពន្លឿន​គម្រោង​ប្រើប្រាស់​ឥណទាន​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ជួសជុល​កំណាត់​ផ្លូវ ១២​ខ្សែ ក្នុងក្រុង​ព្រះសីហនុ​ឡើងវិញ ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ និងកែ​លម្អ​សោភ័ណភាព និង​បរិស្ថាន។

ឯកឧត្តម ស៊ុន ចាន់ថុល បាន​ជំរុញ​ឱ្យក្រុម​ការងារ​ជំនាញ ពិនិត្យ​មើល​លទ្ធភាព​ក្នុងការ​កៀរគរ ឬខ្ចី​ប្រភព​ថវិកា​ផ្សេងៗ ដើម្បីយក​មក​ស្ថាបនា ជួសជុល​កំណាត់​ផ្លូវ ៦ខ្សែ ដែលខ្វះ​ប្រភព​ថវិកា ដែលជា​ឥណទានថវិកា​ថ្នាក់ក្រោមជាតិ និងកែ​លម្អផ្លូវផ្សេងៗទៀត​ក្នុងក្រុង​ព្រះសីហនុ ដើម្បីត្រៀម​រៀបចំ​ព្រឹត្តិការសំខាន់ៗ​នៅពេលខាងមុខ​មានដូចជា បុណ្យសមុទ្រ​នៅឆ្នាំ​២០២០ និងរៀបចំ​កិច្ចប្រជុំអាស៊ាន​នៅឆ្នាំ ២០២២ខាងមុខ៕