(ភ្នំពេញ)៖ ឆ្នាំ២០២០នេះ ក្រសួងបរិស្ថានបន្តអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ថវិកា ចំនួន USD ២០,០០០ (ម្ភៃពាន់ដុល្លារអាមេរិកគត់) សម្រាប់ឆ្នាំទី២ ដើម្បីលើកទឹកចិត្តដល់លោក បេន ដេវីស (BEN DEVIS) ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនៅដែនជម្រកសត្វព្រៃ«ភ្នំត្នោត-ភ្នំពក»។ នេះបើតាមការការឲ្យដឹងពីក្រសួងបរិស្ថាន នៅថ្ងៃទី៤ ខែមេសានេះ។
នៅឆ្នាំ២០១៩ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគល់ជូន លោកបេន ដេវីស នូវរថយន្ត pickup ចំនួន ០១គ្រឿង ម៉ូតូចំនួន០២គ្រឿង និងថវិកា USD ២០,០០០ ពីមូលនិធិបរិស្ថាន និងសង្គមនៃក្រសួងបរិស្ថាន។
ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានបញ្ជាក់ថា ថវិកា USD២០,០០០ (ម្ភៃពាន់ដុល្លារអាមេរិកគត់) សម្រាប់ឆ្នាំទី២នេះ លោក BEN DEVIS ស្ថាបនិក BeTreed Adventure សហការជាមួយសហគមន៍តាបស នឹងបន្តអនុវត្តការងារដូចខាងក្រោម៖
១. បន្តជួសជុលផ្លូវលំ តភ្ជាប់ពីសហគមន៍មកដែនជម្រកសត្វព្រៃភ្នំត្នោត និងផ្លូវលំជុំវិញដែនជម្រកសត្វព្រៃដើម្បីងាយស្រួលល្បាត
២. រៀបចំកំណត់ទីតាំងក្នុងដែនជម្រកសត្វព្រៃ ដើម្បីដាក់ជាចំការពូជឈើនាងនួន និងដាំចំការនាងនួនថ្មីលើផ្ទៃដីចំនួន ៤ហិកតា ដែលទើបបានដោះដូរជាមួយប្រជាជន
៣. អនុវត្តការដោះដូរដីជាមួយប្រជាជនដែលមានចំការនៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក
៤. ធ្វើការល្បាតជាមួយសហគមន៍៕