ក្រសួងបរិស្ថាន​ផ្តល់ថវិកាដល់លោក ​បេន ដេវីស​ ជាលើកទី២​ តាមប្រសាសន៍ណែនាំ​របស់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​


(ភ្នំពេញ)៖ ឆ្នាំ២០២០នេះ ក្រសួងបរិស្ថានបន្តអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ថវិកា​ ចំនួន USD ២០,០០០ (ម្ភៃពាន់ដុល្លារអាមេរិកគត់) សម្រាប់ឆ្នាំទី២ ដើម្បីលើកទឹកចិត្តដល់លោក បេន ដេវីស (BEN DEVIS) ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារ និងអភិរក្ស​ធនធានធម្មជាតិនៅដែនជម្រកសត្វព្រៃ«ភ្នំត្នោត-ភ្នំពក»។ នេះបើតាមការការឲ្យដឹងពីក្រសួងបរិស្ថាន នៅថ្ងៃទី៤ ខែមេសានេះ។

នៅឆ្នាំ២០១៩ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគល់ជូន លោកបេន ដេវីស នូវរថយន្ត pickup ចំនួន ០១គ្រឿង ម៉ូតូចំនួន០២គ្រឿង និងថវិកា USD ២០,០០០ ពីមូលនិធិបរិស្ថាន​ និងសង្គមនៃក្រសួងបរិស្ថាន។

ឯកឧត្តម ខៀវ បូរិន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហគមន៍មូលដ្ឋាន​ បានបញ្ជាក់ថា ថវិកា USD២០,០០០ (ម្ភៃពាន់ដុល្លារអាមេរិកគត់) សម្រាប់ឆ្នាំទី២នេះ លោក BEN DEVIS ស្ថាបនិក BeTreed Adventure សហការជាមួយសហគមន៍តាបស នឹងបន្តអនុវត្តការងារដូចខាងក្រោម៖

១. បន្តជួសជុលផ្លូវលំ តភ្ជាប់ពីសហគមន៍មកដែនជម្រកសត្វព្រៃភ្នំត្នោត និងផ្លូវលំជុំវិញដែនជម្រកសត្វព្រៃដើម្បីងាយស្រួលល្បាត

២. រៀបចំកំណត់ទីតាំងក្នុងដែនជម្រកសត្វព្រៃ​ ដើម្បីដាក់ជាចំការពូជឈើនាងនួន និងដាំចំការនាងនួនថ្មីលើផ្ទៃដីចំនួន ៤ហិកតា​ ដែលទើបបានដោះដូរជាមួយប្រជាជន

៣. អនុវត្តការដោះដូរដីជាមួយប្រជាជនដែលមានចំការ​នៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក

៤. ធ្វើការល្បាតជាមួយសហគមន៍៕