រាជធានីភ្នំពេញ ៖ ឆ្លើយតបទៅនឹងការស្នើសុំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបានអំពាវនាវដល់ពលរដ្ឋ និងក្រុមហ៊ុនអភិវឌ្ឍន៍វិស័យកសិកម្មក្នុងស្រុកអោយជំរុញផលិតកម្មកសិកម្មរួមមានការចិញ្ចឹមសត្វ និងការដាំដុះបន្ថែម ដើម្បី បង្កើនការផ្គត់ផ្គង់ផលិតផលកសិកម្ម នៅក្នុងទីផ្សារ ដោយកាត់បន្ថយនូវការនាំចូលក្នុងពេលកូវីដ១៩កំពុងរាលដាលនៅក្នុងប្រទេសកម្ពុជា ពេលនេះគេសង្កេតឃើញកសិករ និងក្រុមហ៊ុនក្នុងស្រុកជាច្រើន បានអនុវត្តន៍តាមការអំពាវនាវនេះ និងបានអភិវឌ្ឍន៦កសិកម្មជាបន្តបន្ទាប់ ដើម្បីជំរុញដល់ការផ្គត់ផ្គង់អោយបានគ្រប់តាមតម្រូវការ ។
យោងតាមបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា រោងចក្រនិងសហគ្រាសជាច្រើន បានគាំទ្រ និងជំរុញការផលិតផលិតផលកសិកម្មដើម្បីផ្គត់ផ្គង់និងនាំចេញក្នុងស្រុក ជាក់ស្ដែង រោងចក្រ១នៅក្នុងខេត្តព្រះសីហនុ អាចផលិតចំណីសត្វគ្រប់ប្រភេទបានប្រមាណ៦ពាន់តោនក្នុងមួយខែ ផ្គត់ផ្គង់ឱ្យកសិដ្ឋាននិងដៃគូរសហការចិញ្ចឹម ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ។
នៅក្នុងរោងចក្រនេះ ក្នុងមួយខែត្រូវការពោត៣ពាន់តោន កន្ទក់និងកន្ទក់ស្រូវសាឡី៧០០តោន កាកស្រាបៀរ៤០០តោន ដំឡូង១០០០តោន ក្រៅពីនោះរោងចក្រនេះក៏បាននាំចូលវត្ថុធាតុដើម ដើម្បីបំពេញឱ្យតម្រូវការខ្វះខាត ហើយតម្លៃអាចទទួលយកបានទាំងអ្នកផលិត និងអ្នកប្រើប្រាស់ ។
កសិដ្ឋានចិញ្ចឹមជ្រូកតាកឹង ដែលស្ថិតនៅក្នុងខេត្តព្រះសីហនុដែរនោះ បានបង្ហាញផងដែរថាក្នុង កសិដ្ឋានមានមេ-បាពូជចំនួន ៩ពាន់ក្បាល ក្នុង១ឆ្នាំអាចលក់កូនជ្រូកពូជជូនសហគមន៍បាន ៦០០០ក្បាល និងកូនជ្រូកសាច់ ៨០០០ក្បាល ហើយក្នុង១ខែអាចផ្គត់ផ្គង់ជ្រូកសាច់ឱ្យទីផ្សារបាន ១៤ពាន់ក្បាល អនាគតគ្រោងបង្កើនចំនួនផ្គត់ផ្គង់ជ្រូកសាច់ឱ្យទីផ្សារ ១០០០ក្បាល/ថ្ងៃ ។ បច្ចុប្បន្ន កសិដ្ឋានប្រើភ្លើងផលិតចេញពីលាមកជ្រូក (Biogas) អាចជួយកាត់បន្ថយថ្លៃដើមបានយ៉ាងល្អប្រសើរ។
ចំណែកកសិដ្ឋានចិញ្ចឹមជ្រូកសាច់មួយកន្លែងទៀត មានលើផ្ទៃដីកសិដ្ឋានសរុប ១០០ហ.ត បំពាក់ដោយឧបករណ៍ទំនើប ស្វ័យប្រវត្តិ ប្រព័ន្ធការពារសុវត្ថិភាព។ល។ កសិដ្ឋាននេះ មានផែនការផលិតជ្រូកសាច់ឱ្យបាន ១០០០ក្បាល ក្នុង១ថ្ងៃ សម្រាប់ផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក។
លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចុះពិនិត្យរោងចក្រ និងកសិដ្ឋានទាំងនោះបានផ្ដាំផ្ញើទៅកាន់ពលរដ្ឋកម្ពុជាទាំងអស់ថា «គួរត្រឹះរិះពិចារណាច្បាមយក ឱកាសមាសនេះដើម្បីរួមគ្នាធានាឱ្យបាននូវសន្តិសុខស្បៀង ក្នុងកាលៈទេសៈ ដែលប្រទេសជាតិកំពុងជួបវិបត្តិ ជំងឺឆ្លងសកលកូវីដ-១៩» ។ លោកបានបន្តថា ក្រុមហ៊ុនផលិតចំណីសត្វ ត្រូវខិតខំប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឱ្យអស់លទ្ធភាព ប្រយោជន៍ ជំរុញផលិតកម្មក្នុងស្រុក ធានាបរិមាណផ្គត់ផ្គង់ ស្តង់ដារ និងគុណភាពតាមតម្រូវការទីផ្សារ។ឆ្លៀតយកឱកាសនេះបង្កើតកាលានុវត្តភាពឱ្យវិស័យកសិកម្ម កសិ-ឧស្សាហកម្ម បង្កើតការងារនៅមូលដ្ឋាន និងបង្កើនប្រាក់ចំណូល។
អំពាវនាវឱ្យក្រុមហ៊ុនចិញ្ចឹមសត្វ និងផលិតចំណីសត្វ ត្រូវសហការគ្នាបង្កើនផលិតភាពផលិតកម្ម រួមគ្នាធានាឱ្យបាននូវសន្តិសុខស្បៀងទាំងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត និងជាពិសេសដើម្បីស្រូបយកកម្លាំងពលកម្មក្នុងស្រុកឱ្យអស់លទ្ធភាព ។
លោកក៏បានលើកទឹកចិត្តដល់ការវិនិយោគលើវិស័យកសិកម្មក្នុងស្រុកជាលក្ខណ:កសិដ្ឋានទំនើបបំពេញឱ្យ ខ្សែច្រវាក់ផលិតកម្ម (ចិញ្ចឹម ផលិតចំណី ផលិតវត្ថុធាតុដើម រោងចក្រកែច្នៃ ប្រើលាមកសត្វជាថាមពលផ្គត់ផ្គង់ឱ្យកសិដ្ឋាន និងផលិតជីកំប៉ុស្តិ) កាត់បន្ថយការនាំចូល ។ ក្រុមហ៊ុនចិញ្ចឹមសត្វ ផលិតចំណីសត្វ ក្រុមហ៊ុន ឬអាជីវករលក់ ចែកចាយសាច់សត្វ ស៊ុត ផលិតផលមានដើមកំណើតពីសត្វ លក់ចែកចាយធាតុចូលកសិកម្មផ្សេងៗទៀត មិនត្រូវឆ្លៀត ឱកាសតម្លើងថ្លៃផលិតផល ដែលនាំឱ្យប៉ះពាល់ដល់ជីវភាពអ្នកបរិភោគ។
លោកបញ្ជាក់ថាអ្នកបរិភោគមិនគួរបារម្ភអំពីការខ្វះខាតស្បៀងឡើយ ហើយក្រសួងសូមបញ្ជាក់ថារាជរដ្ឋាភិបាលបានបម្រុងស្បៀងទុកគ្រប់គ្រាន់ (អង្ករ ត្រី សាច់ និងបន្លែ) សម្រាប់ផ្គត់ផ្គង់ឱ្យតម្រូវការរបស់អ្នកបរិភោគ។ តាមរបាយការណ៍របស់ក្រុមហ៊ុនស៊ីភីកម្ពុជាមួយ បច្ចុប្បន្នក្រុមហ៊ុនអាចផ្គត់ផ្គង់ប្រចាំថ្ងៃបាន៖ មាន់ ១៥១តោន ជ្រូកសាច់ ២ ៥០០ក្បាល និងផលិតចំណីសត្វគ្រប់ប្រភេទបាន ១ ៣៧០តោន ៕