ក្រុមហ៊ុន​ និង​កសិករ​ក្នុងស្រុក​ពង្រីក​ការ​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម​ពេល​កូ​វី​ដ​-១៩​វាយ​លុយ


រាជធានី​ភ្នំពេញ ៖ ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​សុំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ដែល​បាន​អំពាវនាវ​ដល់​ពលរដ្ឋ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ក្នុងស្រុក​អោយ​ជំរុញ​ផលិតកម្ម​កសិកម្ម​រួម​មានការ​ចិញ្ចឹមសត្វ និង​ការ​ដាំ​ដុះ​បន្ថែម ដើម្បី បង្កើន​ការ​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម នៅ​ក្នុង​ទីផ្សារ ដោយ​កាត់​បន្ថយ​នូវ​ការ​នាំ​ចូល​ក្នុង​ពេល​កូ​វី​ដ​១៩​កំពុង​រាលដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា ពេល​នេះ​គេ​សង្កេត​ឃើញ​កសិករ និង​ក្រុមហ៊ុន​ក្នុងស្រុក​ជា​ច្រើន បាន​អនុវត្តន៍​តាម​ការ​អំពាវនាវ​នេះ និង​បាន​អភិវឌ្ឍន​៦​កសិកម្ម​ជា​បន្តបន្ទាប់ ដើម្បី​ជំរុញ​ដល់​ការ​ផ្គត់ផ្គង់​អោយ​បាន​គ្រប់​តាម​តម្រូវការ ។

យោង​តាម​បាយ​ការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​បង្ហាញ​ថា រោងចក្រ​និង​សហគ្រាស​ជា​ច្រើន បាន​គាំទ្រ និង​ជំរុញ​ការ​ផលិត​ផលិតផល​កសិកម្ម​ដើម្បី​ផ្គត់ផ្គង់​និង​នាំ​ចេញ​ក្នុងស្រុក ជាក់ស្ដែង រោងចក្រ​១​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ អាច​ផលិត​ចំណី​សត្វ​គ្រប់​ប្រភេទ​បាន​ប្រមាណ​៦​ពាន់​តោន​ក្នុង​មួយ​ខែ ផ្គត់ផ្គង់​ឱ្យ​កសិដ្ឋាន​និង​ដៃគូរ​សហការ​ចិញ្ចឹម ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក ។

នៅ​ក្នុង​រោងចក្រ​នេះ ក្នុង​មួយ​ខែ​ត្រូវការ​ពោត​៣​ពាន់​តោន កន្ទក់​និង​កន្ទក់​ស្រូវ​សាឡី​៧០០​តោន កាក​ស្រា​បៀរ​៤០០​តោន ដំឡូង​១០០០​តោន ក្រៅពី​នោះ​រោងចក្រ​នេះ​ក៏​បាន​នាំ​ចូល​វត្ថុធាតុដើម ដើម្បី​បំពេញ​ឱ្យ​តម្រូវការ​ខ្វះខាត ហើយ​តម្លៃ​អាច​ទទួលយក​បាន​ទាំង​អ្នក​ផលិត និង​អ្នក​ប្រើប្រាស់ ។

កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​តា​កឹង ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ដែរ​នោះ បាន​បង្ហាញ​ផង​ដែរ​ថា​ក្នុង កសិដ្ឋាន​មាន​មេ​-​បា​ពូជ​ចំនួន ៩​ពាន់​ក្បាល ក្នុង​១​ឆ្នាំ​អាច​លក់​កូនជ្រូក​ពូជ​ជូន​សហគមន៍​បាន ៦០០០​ក្បាល និង​កូនជ្រូក​សាច់ ៨០០០​ក្បាល ហើយ​ក្នុង​១​ខែ​អាច​ផ្គត់ផ្គង់​ជ្រូក​សាច់​ឱ្យ​ទីផ្សារ​បាន ១៤​ពាន់​ក្បាល អនាគត​គ្រោង​បង្កើន​ចំនួន​ផ្គត់ផ្គង់​ជ្រូក​សាច់​ឱ្យ​ទីផ្សារ ១០០០​ក្បាល​/​ថ្ងៃ ។ បច្ចុប្បន្ន កសិដ្ឋាន​ប្រើ​ភ្លើង​ផលិត​ចេញពី​លាមក​ជ្រូក (Biogas) អាច​ជួយ​កាត់​បន្ថយ​ថ្លៃដើម​បាន​យ៉ាង​ល្អ​ប្រសើរ​។

ចំណែក​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​សាច់​មួយ​កន្លែង​ទៀត មាន​លើ​ផ្ទៃដី​កសិដ្ឋាន​សរុប ១០០​ហ​.​ត បំពាក់​ដោយ​ឧបករណ៍​ទំនើប ស្វ័យប្រវត្តិ ប្រព័ន្ធ​ការពារ​សុវត្ថិភាព​។​ល​។ កសិដ្ឋាន​នេះ មាន​ផែនការ​ផលិត​ជ្រូក​សាច់​ឱ្យ​បាន ១០០០​ក្បាល ក្នុង​១​ថ្ងៃ សម្រាប់​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ក្នុងស្រុក​។

លោក​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​បាន​ចុះ​ពិនិត្យ​រោងចក្រ និង​កសិដ្ឋាន​ទាំងនោះ​បាន​ផ្ដាំផ្ញើ​ទៅ​កាន់​ពលរដ្ឋ​កម្ពុជា​ទាំងអស់​ថា «​គួរ​ត្រឹះ​រិះ​ពិចារណា​ច្បាម​យក ឱកាស​មាស​នេះ​ដើម្បី​រួម​គ្នា​ធានា​ឱ្យ​បាន​នូវ​សន្តិសុខ​ស្បៀង ក្នុង​កាលៈទេសៈ ដែល​ប្រទេស​ជាតិ​កំពុង​ជួប​វិបត្តិ ជំងឺឆ្លង​សកល​កូ​វី​ដ​-១៩» ។ លោក​បាន​បន្ត​ថា ក្រុមហ៊ុន​ផលិត​ចំណី​សត្វ ត្រូវ​ខិតខំ​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក​ឱ្យ​អស់​លទ្ធភាព ប្រយោជន៍ ជំរុញ​ផលិតកម្ម​ក្នុងស្រុក ធានា​បរិមាណ​ផ្គត់ផ្គង់ ស្តង់ដារ និង​គុណភាព​តាម​តម្រូវការ​ទីផ្សារ​។​ឆ្លៀត​យក​ឱកាស​នេះ​បង្កើត​កាលានុវត្តភាព​ឱ្យ​វិស័យ​កសិកម្ម ក​សិ​-​ឧស្សាហកម្ម បង្កើត​ការងារ​នៅ​មូលដ្ឋាន និង​បង្កើន​ប្រាក់​ចំណូល​។

អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​ចិញ្ចឹមសត្វ និង​ផលិត​ចំណី​សត្វ ត្រូវ​សហការ​គ្នា​បង្កើន​ផលិតភាព​ផលិតកម្ម រួម​គ្នា​ធានា​ឱ្យ​បាន​នូវ​សន្តិសុខ​ស្បៀង​ទាំង​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​ពេល​អនាគត និង​ជា​ពិសេស​ដើម្បី​ស្រូប​យក​កម្លាំង​ពលកម្ម​ក្នុងស្រុក​ឱ្យ​អស់​លទ្ធភាព ។
លោក​ក៏​បាន​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​ក្នុងស្រុក​ជា​លក្ខណ​:​កសិដ្ឋាន​ទំនើប​បំពេញ​ឱ្យ ខ្សែ​ច្រវាក់​ផលិតកម្ម (​ចិញ្ចឹម ផលិត​ចំណី ផលិត​វត្ថុធាតុដើម រោងចក្រ​កែ​ច្នៃ ប្រើ​លាមក​សត្វ​ជា​ថាមពល​ផ្គត់ផ្គង់​ឱ្យ​កសិដ្ឋាន និង​ផលិត​ជី​កំ​ប៉ុស្តិ​) កាត់​បន្ថយ​ការ​នាំ​ចូល ។ ក្រុមហ៊ុន​ចិញ្ចឹមសត្វ ផលិត​ចំណី​សត្វ ក្រុមហ៊ុន ឬ​អាជីវករ​លក់ ចែកចាយ​សាច់សត្វ ស៊ុត ផលិតផល​មាន​ដើម​កំណើត​ពី​សត្វ លក់​ចែកចាយ​ធាតុ​ចូល​កសិកម្ម​ផ្សេង​ៗ​ទៀត មិន​ត្រូវ​ឆ្លៀត ឱកាស​តម្លើង​ថ្លៃ​ផលិតផល ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​អ្នក​បរិភោគ​។

លោក​បញ្ជាក់​ថា​អ្នក​បរិភោគ​មិន​គួរ​បារម្ភ​អំពី​ការ​ខ្វះខាត​ស្បៀង​ឡើយ ហើយ​ក្រសួង​សូម​បញ្ជាក់​ថា​រាជរដ្ឋាភិបាល​បាន​បម្រុង​ស្បៀង​ទុក​គ្រប់គ្រាន់ (​អង្ករ ត្រី សាច់ និង​បន្លែ​) សម្រាប់​ផ្គត់ផ្គង់​ឱ្យ​តម្រូវការ​របស់​អ្នក​បរិភោគ​។ តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ស៊ី​ភី​កម្ពុ​ជាមួយ បច្ចុប្បន្ន​ក្រុមហ៊ុន​អាច​ផ្គត់ផ្គង់​ប្រចាំ​ថ្ងៃ​បាន​៖ មាន់ ១៥១​តោន ជ្រូក​សាច់ ២ ៥០០​ក្បាល និង​ផលិត​ចំណី​សត្វ​គ្រប់​ប្រភេទ​បាន ១ ៣៧០​តោន ៕