ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា រថយន្តក្រសួងការពារជាតិបានដឹកពលករខ្មែរជាង៥០០នាក់តាមបន្ទាត់ព្រំដែន ទៅដាក់នៅអគារវិទ្យាល័យសិរីសោភ័ណ ដើម្បីពិនិត្យរកវីរុសកូវីដ១៩ រយៈពេល៣ថ្ងៃ រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅក្រុងសិរីសោភ័ណ។
បើតាមលោក អ៊ាវ ដារាវុធ ប្រធានមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ បានប្រាប់ថា នៅក្រុងសិរីសោភ័ណ ដោយបានការយកចិត្តទុកដាក់ពីអភិបាលខេត្ត បានត្រៀមបម្រុងអគារនៅក្នុងក្រុងសិរីសោភ័ណចំនួន៣កន្លែង សម្រាប់ដាក់ពលករខ្មែរដែលត្រូវទទួលមកពីតាមបន្ទាត់ព្រំដែនមកពីច្រកឡែម ខេត្តបាត់ដំបង និងច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ព្រមទាំងច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យផងដែរ។
លោកបានបញ្ជាក់ថា ជាក់ស្តែងនៅវិទ្យាល័យសិរីសោភ័ណ ស្ថិតក្រុងសិរីសោភ័ណ ដែលរថយន្តក្រសួងការពារជាតិដឹកពលករពីតាមបន្ទាត់ព្រំដែន មកដាក់នៅកន្លែងត្រៀមបម្រុងអគារវិទ្យាល័យសិរីសោភ័ណរយៈពេល៣ថ្ងៃនេះ មានប្រមាណជាង៥០០នាក់។ ក្រោយពេលពិនិត្យក្រុមគ្រូពេទ្យ (ចត្តាឡីស័ក) មន្ទីរពេទ្យបង្អែកហើយ បើគ្មានជាប់សង្ស័យឆ្លងវីរុសកូវីដ១៩ទេ ត្រូវថយន្តនឹងដឹកពលរដ្ឋទាំងអស់ដាក់តាមបណ្តាខេត្ត និងស្រុករបស់ខ្លួន ដែលអាជ្ញាធរទទួលយកដាក់តាមទីតាំងត្រៀមបម្រុងទុក ដើម្បីបង្ការ និងទប់ស្កាត់ការពាររាតត្បាតដោយវីរុសកូវីដ១៩ ដែលមានរយៈពេល១៤ថ្ងៃនៅឆ្ងាយពីសាច់ញាតិ។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិ ដែលបានផ្តល់រថយន្តសម្រាប់ដឹកពលករខ្មែរដែលមកពីថៃ ដាក់តាមកន្លែងត្រៀមបម្រុង ដើម្បីធ្វើការពិនិត្យដោយគ្រូពេទ្យជំនាញចត្តាឡីស័ក ក្រោយពេលពិនិត្យហើយត្រូវបានបញ្ជូនទៅតាមមូលដ្ឋានរបស់ខ្លួន។ ហើយការស្នាក់ពិនិត្យ គឺអភិបាលខេត្តបន្ទាយមានជ័យ បានត្រៀមបម្រុងទុកកន្លែងស្នាក់នៅ និងម្ហូបអាហារសម្រាប់ពលករដែលត្រូវបញ្ជូនមកដាក់កន្លែងពិនិត្យ ដោយគ្រូពេទ្យដែលធ្វើការ២៤ម៉ោង។
លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្រោយពេលត្រឡប់ពីប្រទេសថៃ ត្រូវនៅឱ្យឆ្ងាយពីគ្រួសារឱ្យបាន១៤ថ្ងៃ ហើយមិនត្រូវឆ្លងកាត់ពីខេត្តមួយទៅខេត្ត និងឱកាសបុណ្យឆ្នាំថ្មីខាងមុខនេះ មិនត្រូវជួបជុំគ្នា ដើម្បីបង្កា និងទប់ស្កាត់ការពារវីរុសកូវីដ១៩ ហើយត្រូវចូលធ្វើអនាម័យ និងលាងដៃដោយសាប៊ូ ឬអាកុល ត្រូវពាក់ម៉ាសឱ្យបានគ្រប់ៗគ្នា៕