ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង បន្តចុះផ្សព្វផ្សាយអប់រំ ផ្តល់ចំណេះដឹងស្តីពីវិធានការការពារប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19


(ស្វាយរៀង)៖ ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀងចំនួន ៣៨នាក់ ដឹកនាំដោយលោកវេជ្ជបណ្ឌិត កែរ រដ្ឋា អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត និងជាប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ សហការជាមួយក្រុមប្រឹក្សាសង្កាត់ស្វាយរៀង និងមេភូមិ ព្រមទាំងមានការចូលរួមពីក្រុមយុវជន ស.ស.យ.ក ក្រុងស្វាយរៀង បានចុះផ្សព្វផ្សាយអប់រអប់រំ ផ្តល់ចំណេះដឹងស្តីពីវិធានការការពារ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនិងជម្ងឺ COVID-19 ដោយបានចែកខិត្តប័ណ្ណ និងចែកម៉ាស ២៥០ ដល់ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយរៀង និងភូមិកៀនសាំងនៅក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀងចំនួន ១៨៥ខ្នងផ្ទះ។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ថា ជំងឺកូវីដ១៩ ជាជំងឺកាចសហាវ នាបច្ចុប្បន្នបង្កឲ្យមនុស្សគ្រប់ស្រទាប់ទទួលរងជំងឺ និងឈឺស្លាប់ បើគ្មានទទួលសេវាព្យាបាល ទាន់ពេលវេលា ដូចនេះដើម្បីបញ្ជៀសជំងឺនេះ បងប្អូនត្រូវឧស្សហ៍លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់។ លើសពីនោះទៀត ពេលប្រាស្រ័យទំនាក់ទំនង ត្រូវពាក់ម៉ាស ឬក្រម៉ា បើគ្មានករណីចាំចាច់ គួរកុំជួបជុំប្រមូលផ្តុំគ្នាច្រើន ពេលសង្ស័យមានជំងឺអ្វីគួររួសរាន់ទៅប្រឹក្សាជាមួយគ្រូពេទ្យដែលនៅជិត ធ្វើអនាម័យភូមិដ្ឋាន បញ្ជៀសទៅកន្លែងចិញ្ចឹមសត្វ។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបន្ថែមទៀតថា ត្រូវពិសារម្ហូបអាហារដែលចំអិនឲ្យឆ្អិន ចៀសវាងហូបបន្លែឆៅគួរបន្ថយការសេពគ្រឿងស្រវឹង ហើយកុំធ្វើដំណើរ ទៅទីប្រជុំជនផងដែរ។

សូមបញ្ជាក់ថា ខេត្តស្វាយរៀងជាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម បន្ទាប់ពីនិន្នាការជំងឺកូវីដ១៩ ផ្ទុះនៅប្រទេសចិន រាជរដ្ឋាភិបាល បានចាត់វិធានការទប់ស្កាត់ជំងឺនេះ ក្នុងនោះអាជ្ញាធរខេត្ត រួមនឹងមន្ទីរសុខាភិបាលខេត្ត បានរៀបចំធ្វើការត្រួតពិនិត្យភ្ញៀវ ចេញចូលតាមច្រកព្រំដែនអន្តរជាតិ ច្រកតំបន់រៀបចំក្រុមគ្រូពេទ្យ និងបន្ទប់ ដាច់ដោយឡែក សម្រាប់អ្នកជំងឺសង្ស័យបានគ្រប់ មន្ទីរពេទ្យបង្អែកក្នុងខេត្ត។

នៅក្នុងឱកាសនោះដែរលោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានឧបត្ថម្ភថវិកាដល់ក្រុមយុវជន សសយក ក្រុងស្វាយរៀង៧នាក់ ម្នាក់ៗ ២០.០០០រៀល និងក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀងចំនួន៣៨នាក់ ម្នាក់ ៗ ទទួលបានទឹកក្រូច១កេស ទឹកផ្លែឈើ ១កេស៕