(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមានសម្តេចក្រឡាហោម ស ខេង ជាប្រធាន បានចេញលិខិត ជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវថា ចាប់ពីថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២០ តទៅ កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នឹងអនុវត្តការពិន័យអន្តរកាល ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលបានដំឡើងកម្រិតទឹកប្រាក់ពិន័យ ក្នុងចំនួនពី ៣ ទៅ ៥ដង។
ក្នុងអនុក្រឹត្យចាស់ ស្ដីពី ប្រាក់ពិន័យអន្តរកាល ឆ្នាំ២០១៧ បានកំណត់ផាកពិន័យអ្នកបើកបរម៉ូតូ ដែលល្មើសច្បាប់ ដូចជា មិនពាក់មួកសុវត្ថិភាព ត្រូវពិន័យ ១៥០០០រៀល ប៉ុន្តែអនុក្រឹត្យថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ គឺតម្រូវឲ្យផាកពិន័យដល់ ៦ម៉ឺនរៀលឯណោះ។ រីឯអ្នកបើកបរម៉ូតូ ក្នុងស្ថានភាពស្រវឹង នៅក្នុងអនុក្រឹត្យថ្មី ក៏បានកំណត់ប្រាក់ពិន័យ ចាប់ពី ២៥ម៉ឺនរៀល ដល់ ១លានរៀល អាស្រ័យលើកម្រិតជាតិអាល់កុល។
ដោយឡែក សម្រាប់រថយន្តវិញ គឺអនុក្រឹត្យចាស់ ពិន័យទាបបំផុត ២៥០០០រៀល ដូចជា អ្នកបើកបរ និងអ្នកអង្គុយកៅអីខាងមុខ មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ក៏ប៉ុន្តែអនុក្រឹត្យថ្មី បានកំណត់ផាកពិន័យទាបបំផុត ៧៥០០០រៀល។ ក្នុងនោះ អ្នកបើកបរឡាន ក្នុងស្ថានភាពស្រវឹង ត្រូវពិន័យ ចាប់ពី ៤សែនរៀល ទៅ ៤លានរៀល អាស្រ័យលើប្រភេទរថយន្ត និងកម្រិតជាតិអាល់កុល៕