(ភ្នំពេញ)៖ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញអនុក្រឹត្យផ្ទេរក្របខ័ណ្ឌ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង ពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ឲ្យទៅបម្រើការងារ ក្នុងក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ដែលមានតួនាទីជា អគ្គស្នងការរងនគរបាលជាតិ។ ឯកឧត្តមឧត្តមសេនីយ៍ឯក យឹម លាង ដែលជាកូនរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មុនផ្ទេរក្របខ័ណ្ឌ មកជានាយនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង មានតួនាទីជា នាយរងសេនាធិការចម្រុះ នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។
ពិធីប្រកាសឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង ចូលកាន់ដំណែងជាអគ្គស្នងការរងនគរបាលជាតិ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានសម្រេចប្រគល់ភារកិច្ចជូនឯកឧត្តម យឹម លាង ជាជំនួយការដឹកនាំការងារការពារពិធីបុណ្យជាតិ អន្តរជាតិ និងការពារសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១១ ឯកឧត្តម យឹម លាង បានទទួលតំណែងជាមេបញ្ជាការកងអង្គរក្សសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ជំនួសអតីតឧត្តមសេនីយ៍ឯក ឈឿន ចាន់ថន ហៅ ម៉ៅ ដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១១ រួមជាមួយអង្គរក្ស ៣នាក់ផ្សេងទៀត។
បន្ទាប់ពីមរណភាពសម្តេចជាស៊ីម ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង ត្រូវបានតែងតាំងជានាយរងខុទ្ទកាល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា៕