សម្តេចតេជោ ហ៊ុន សែន រំលឹកការចងចាំដ៏ឈឺចាប់របស់កម្ពុជា នៅថ្ងៃ១៧ មេសា កាលពី៤៥ឆ្នាំមុន


(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ពីលើហ្វេសប៊ុកផ្លូវការថា ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ គឺជាខួបលើកទី៤៥ឆ្នាំ នៃការឡើងកាន់អំណាច នៃរបប «កម្ពុជាប្រជាធិបតេយ្យ» ក្លែងក្លាយ ដែលបន្ទាប់មកបានក្លាយទៅជារបប «ប្រល័យពូជសាសន៍ប៉ុលពត» ឬហៅថា «របបខ្មែរក្រហម»។

សម្ដេចតេជោ ហ៊ុន សែន បន្តថា ចំថ្ងៃនេះ កាលពី៤៥ឆ្នាំមុន គឺថ្ងៃដែលរបបអាវខ្មៅ បានបង្ខំប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញទាំងមូលឲ្យចាកចេញទៅតាមបណ្តាខេត្ត ហើយបន្ទាប់មកពួកគេបានជម្លៀសប្រជាពលរដ្ឋពីតាមបណ្តាខេត្តទៅកាន់ជនបទ នឹងបានបង្ខំឲ្យធ្វើការដូចគោក្របីទាំងយប់ទាំងថ្ងៃគ្មានថ្ងៃសម្រាក និងមិនបានជួបជុំក្រុមគ្រួសារឡើយ ។
សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា សិទ្ធិសេរីភាពពលរដ្ឋ រួមទាំងសិទ្ធិរស់រាន នៅក្នុងរបបយង់ឃ្នងនោះគឺគ្មានទេ។ សូម្បីតែស្លៀកពាក់ខោអាវក៏ពួកគេតម្រូវឲ្យស្លៀកពាក់តែខោអាវពណ៍ខ្មៅមួយពណ៍មួយកំប៉្លេគត់។ ក្រៅពីបង្ខំឲ្យធ្វើការគ្មានថ្ងៃសម្រាក របបព្រៃផ្សៃនេះបានធ្វើទារុណកម្ម និងវាយកំទេចសម្លាប់ប្រជាពលរដ្ឋតាមអំពើចិត្តដោយចោទថាជាខ្មាំង។ នៅក្នុងសម័យនោះ គ្រប់យ៉ាងត្រូវបានបោះបង់ចោលរួមទាំង គេហដ្ឋាន សាលារៀន វត្តអារាម មន្ទីរពេទ្យ និងធនាគារជាដើម …។ ក្រោមការគ្រប់គ្រង នឹងដឹកនាំរបស់របបប៉ុលពតអស់រយៈពេល ៣ឆ្នាំ ៨ ខែ ២០ ថ្ងៃ គឺបានធ្វើឲ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតអស់ជាង៣លាននាក់ ហើយនៅពេលនោះក៏គ្មានវត្តមានអង្គការសិទ្ធមនុស្ស ណាមកជួយប្រទេសកម្ពុជាដែរនៅក្នុងសម័យនោះ។
រលឹកទៅដល់របបដ៏ខ្មៅងងឹតនិងសែនឈឺចាប់នេះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងចងចាំរបបដឺព្រៃផ្សៃនេះ ហើយចូលរួមទប់ស្កាត់កុំអោយកើតឡើងសារជាថ្មីនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។អរគុណសន្តិភាព»៕