អភិបាលខេត្តកំពង់ចាម អគុណដល់សប្បុរសជនដែលចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩


(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម បានទទួលអំណោយថវិកាពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដឹកនាំដោយលោកវេជ្ជបណ្ឌិត គឹម ស៊ួភិរុណ ជាថវិកាចំនួន ៥,១៦០,០០០រៀល (ប្រាំលានមួយសែនប្រាំមួយមុឺនរៀល) ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយទ្ធទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្នុងឱកាស នៃការទទួលអំណោយខាងលើ ឯកឧត្តម អ៊ុន ចាន់ដា ក្នុងនាមប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម បានថ្លែងអំណរគុណដល់សប្បុរសជនដែលបានបរិច្ចាគនូវទ្រព្យធនផ្ទាល់ខ្លួន ដោយស្មគ្រ័ចិត្ត ក្នុងសកម្មភាពប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩  ដោយអភិបាលខេត្តកំពង់ចាម បានប្រគល់លិខិតថ្លែងអំណរគុណជូនសប្បុរសជនវិញ ជាការតបស្នង។
សូមបញ្ជាក់ដែរថា កាលពីរសៀលថ្ងៃទី១៥ ខែមេសា ម្សិលមិញ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម ក៏បានទទួលអំណោយពីសាស្ត្រាចារ្យ បុគ្គលិក និស្សិត នៃសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច UME សាខាខេត្តកំពង់ចាម ដឹកនាំដោយលោក ម៉ៅ ឌុង និងសហការី នូវថវិកាចំនួន ៦,០០៥,០០០រៀល (ប្រាំមួយលានប្រាំពាន់រៀល)៕