នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអនុញ្ញាតឱ្យកញ្ញា Hisae ARAI នាយិកា និងជាស្ថាបនិកមូលនិធិបេះដូងបី (Three Hearts Foundation) អតីតបវរកញ្ញាជប៉ុនឆ្នាំ២០១១ (Crowned Miss Japan) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការរួមចំណែកដល់កិច្ចគាំពារបរិស្ថាន។ ក្នុងនាមជាឯកអគ្គរដ្ឋទូតសុឆន្ទៈ កញ្ញាបានជម្រាបជូនអំពីសកម្មភាពការងារអនុវត្តគម្រោងនានានៅកម្ពុជា ពាក់ព័ន្ធនឹងការងារសំអាតទីក្រុង ការថែទាំសុខភាព និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។ ឯកឧត្ដមរដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍ និងគាំទ្រចំពោះបេសកកម្មរបស់កញ្ញានៅកម្ពុជា ហើយឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រាបជូនភ្ញៀវអំពីបេសកកម្មរបស់ក្រសួងបរិស្ថាន ដោយផ្តោតជាចម្បងលើកិច្ចគាំពារបរិស្ថាន។ ភាគីទាំងពីរប្តេជ្ញាបន្តពង្រឹងកិច្ចសហការ តាមរយៈការជំរុញឱ្យមានការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីលើកកម្ពស់កិច្ចគាំពារបរិស្ថាន។
ឯកឧត្ដម សាយ សំអាល់ អនុញ្ញាតឱ្យស្ថាបនិកមូលនិធិបេះដូងបីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
