បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ របស់អាជ្ញាធរភូមិ ឃុំ អំពីស្ថានភាព ជីវភាពរស់នៅក្រលំបាករបស់កុមារា សាន ប៊ី អាយុ 9ឆ្នាំ និង កុមារា សាន បយ អាយុ 6 ឆ្នាំ ដែលរស់នៅក្នុងភូមិបាប្រិយ ឃុំព្រែកចង្រ្កាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ កុមារកំសត់ទាំងពីរ មានឪពុកឈ្មោះ សាន ប៊ន និង ម្តាយឈ្មោះ គឹមស៊ាង បានលែងលះគ្នា តាំងពីកុមារ សាន បយ នៅក្នុងពោះម្ល៉េះ។ ក្រោយមកស្រ្តីជាម្តាយ បានយកប្តីថ្មីទៀត ជាអ្នករស់នៅស្រុកស្អាង ខេត្តកណ្ដាល មានកូនម្នាក់ទៀត។
បច្ចុប្បន្ន កុមារាទាំងពីរ កំពុងរស់នៅក្នុងស្ថានភាពលំបាក ហើយគ្មានអ្នកគ្រប់គ្រង ២នាក់បងប្អូន រស់នៅលើផ្ទះ ចាស់របស់ ម្តាយមីង ដែលកំពុងធ្វើការ នៅឯប្រទេសថៃ។ ដោយមើលឃើញស្ថានភាពបែបនេះ លោកគ្រូបង្រៀនចូលនិវត្តន៍ម្នាក់ ជាអ្នក ជិតខាងបានជួយមើលខុសត្រូវ ក្នុងន័យមនុស្សធម៌។
នៅរសៀល ថ្ងៃទី ១៣ កុម្ភៈ ២០១៦- ក្រុមការងារគណបក្សប្រជាជនចុះពង្រឹងមូលដ្ឋានឃុំព្រែកចង្រ្កាន ឃុំល្វេ ដឹកនាំដោយ នាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការរងនគរបាលជាតិ និង អមដំណើរដោយ ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងារ ឯកឧត្តម នឹម ច័ន្ទតាណា អនុប្រធានទី១ លោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល និង សហការី បានចុះជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយកុមារាទាំងពីរ និង អ្នកមើលការខុសត្រូវ/អាព្យាបាលបណ្ដោះអាសន្ន នៅភូមិឃុំខាងលើ។
នាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការរងនគរបាលជាតិ បាននាំយកថវិកាផ្ទាល់ខ្លួន ចំនួន ៥០០,០០០រៀល ជូនដល់អាណាព្យាបាល និង ដល់កុមារាទាំងពីរ ម្នាក់ ២០ដុល្លារ ដើម្បីទុកគ្រាន់សម្រួលជីវភាពរស់ប្រចាំថ្ងៃមួយរយៈ។
លោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល ក៏បាននាំយក អង្ករ ២០ Kg មី១កេះ និងសំភារៈសម្រាប់ប្រើប្រាស់មួយចំនួនដូចជាចង្ក្រានហ្កាស ចានដែក ឆ្នាំងបាយ សម្លរ សម្រាប់ប្រើប្រាស់ផងដែរ។
ជាងនេះទៅទៀត ក្រុមការងារបានធ្វើការផ្តែរផ្តាំ ដល់អាណាព្យាបាលបណ្ដោះអាសន្ន ឱ្យជួយយកចិត្តទុកដាក់ចំពោះ ក្មេង ទាំងពីរ ធ្វើយ៉ាងណាអោយពួកគេបានរៀនសូត្រ ហូបចុកគ្រប់គ្រាន់ បើមានការខ្វះខាតដោយប្រការណាមួយ សូមរាយការណ៍ ទៅអាជ្ញាធរ និង ក្រុមការងារ ជាបន្ទាន់ ហើយបានធ្វើការណែនាំដល់ កុមារាទាំងពីរផ្ទាល់ឱ្យខិតខំរៀនសូត្រ ដើរតាមផ្លូវល្អ ចៀសវាងធ្វើអំពើអាក្រក់ទាំងពួងនាំឱ្យប៉ះពាល់ដល់សង្គម និង អនាគតខ្លួនឯង។
ក្រុមការងារគណបក្សប្រជាជនចុះពង្រឹងមូលដ្ឋានឃុំព្រែកចង្រ្កាន ចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខ កុមារដែលមានជីវភាព ក្រីក្រ នៅស្រុកស៊ីធរ ខេត្តកណ្តាល
