ម្ចាស់ក្សត្រីយ៍មហាចក្រី សិរិនថន បានយាងចាកចេញពីកម្ពុជាហើយ ក្រោយដំណើរទស្សនកិច្ចចំនួន ៣ថ្ងៃ នៅក្នុងប្រទេសកម្ពុជា ។ ក្នុងព្រះរាជដំណើរនៅថ្ងៃចុងក្រោយទី២៤ ខែកុម្ភៈនេះ ព្រះអង្គម្ចាស់ក្សត្រី បានយាងទស្សនកិច្ចចំនួន ៣ខេត្ត ព្រមគ្នា គឺខេត្តព្រៃវែង… ត្បូងឃ្មុំ និងខេត្តកំពង់ធំ ។
គួររំលឹកថា ក្នុងដំណើរទស្សនកិច្ចនៅថ្ងៃទី១ និងថ្ងៃទី២ ម្ចាស់ក្សត្រីបានយាងទៅខេត្តរតនគីរី និងខេត្តកំពង់ស្ពឺ ។ ម្ចាស់ក្សត្រីនៃប្រទេសថៃ បានមានបន្ទូលថាព្រះរាជទស្សនកិច្ចចំនួន ៣ថ្ងៃ នៅកម្ពុជានេះ គឺដើម្បីស្វែងយល់ពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេស លើផ្នែកនៃវិស័យអប់រំ និងវិស័យសុខាភិបាលរបស់កម្ពុជា ។
នៅក្នុងខេត្តកំពង់ស្ពឺ ព្រះអង្គម្ចាស់ក្សត្រីយ៍ថៃ និងសម្តេចតេជោសែន បានធ្វើជាអធិបតីភាពក្នុងព្រះរាជពិធីបញ្ចុះបឋមសីលា សាងសង់វិទ្យាស្ថានបច្ចេកវិទ្យា កំពង់ស្ពឺ ។
ដោយឡែកនៅក្នុងខេត្តកំពង់ធំ ព្រះអង្គម្ចាស់ក្សត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ ឯកឧត្តម ហង់ ជួនណារ៉ុន បានចូលរួមធ្វើជាអធិបតី ក្នុងព្រះរាជពិធីប្រគល់អគារប្រើថាមពលពន្លឺព្រះអាទិត្យ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ខេត្តកំពង់ធំ ។
នៅក្នុងខេត្តរតនគីរី ព្រះអង្គម្ចាស់ក្សត្រី បានយាងសម្ពោធអគារមណ្ឌលសុខភាពមួយ ក្នុងគំរោងបង្ការជំងឺគ្រុនឈាម… នៅក្នុងខេត្តព្រៃវែង ម្ចាស់ក្សត្រីបានយាងចូលរួមសម្ពោធអគារសិក្សា នៅស្រុកពាមរក៍… និងនៅក្នុងខេត្ត ត្បូងឃ្មុំ ម្ចាស់ក្សត្រីបានយាងទស្សនកិច្ចសាលាបឋមសិក្សា ហ៊ុន សែន តំបែរ ។
ក្នុងព្រះរាជទស្សនកិច្ច ៣ថ្ងៃនេះ ផងទៀត ម្ចាស់ក្សត្រីបានយាងក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រីយ៍ព្រះវររាជមាតាជាតិខ្មែរ… និងក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ផងដែរ ។
មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បានឱ្យដឹងថា ម្ចាស់ក្សត្រិយ៍សិរិនថន បានយាងចាកចេញពីប្រទេសកម្ពុជា នៅម៉ោង ៨ៈ២០នាទី យប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០១៦ នេះ និងបានទៅដល់ទីក្រុងបាងកក វិញនៅម៉ោង ៩កន្លះ យប់ថ្ងែទី២៤ ខែកុម្ភៈនេះ ។