សម្តេចតេជោសែន អំពាវនាវទប់ស្កាត់នយោបាយបែប ទម្រង់ប៉ុលពត


HS 25 02 16 2 copy

     សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី ហ៊ុន ​សែន បាន​មាន​ប្រសាសន៍​អំពាវ​នាវ​ ការ​ទប់​ស្កាត់​នយោបាយ​បែប​ទម្រង់​ប៉ុល​ពត និង​ការ​រួប​រួម​គ្នា​ការពារ​សន្តិភាព​ ។ ប្រសាសន៍​របស់​សម្តេច​បាន​ធ្វើ​ឡើង​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ​នេះ ដែល​ជា​ទិវា​រំលឹក​ខួប ៣៧​ឆ្នាំ​ របស់​​សម្តេច​ អំឡុង​ពេល​​ជួប​ជុំ​ជា​មួយ​នឹង​ភរិយា​ និង​កូន​ប្រុស ក្រោយ​ការ​បែក​គ្នា​ប្រមាណ​ ២​ឆ្នាំ ​ដើម្បី​ការងារ​រំដោះ​ប្រទេស​ជាតិ ​ចេញ​ផុត​ពី​របប​កម្ពុជា​ប្រជា​ធិប​តេ​យ្យ​ ។​

     សម្តេច​តេជោ​សែន បាន​ចាក​ចេញ​ពី​ភរិយា​ដែល​ពរ​ពោះ​ជាង​ ៥​ខែ​ នៅ​ថ្ងៃ​ទី​២០​ ខែ​មិថុនា ​ឆ្នាំ ​១៩៧៧ ក្នុង​ការ​ចេញ​ទៅ​បង្កើត​ការ​តស៊ូ​រំដោះ​ជាតិ ក្រោយ​មក​សម្តេច​បាន​ជួប​ជា​មួយ​នឹង​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ វិញ​នៅ​ថ្ងៃ​ទី​២៤ ខែ​​កុម្ភៈ​ ឆ្នាំ​ ១៩៧៩​ ។

     គួរ​រំលឹក​ថា​ សម្តេច​តេជោ​ ហ៊ុន សែន ​និង​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ បន្ទាប់​ពី​បាន​ដឹក​នាំ​កង​កម្លាំង​តស៊ូ​រំដោះ​ប្រ​ទេស​ជាតិ​ ចេញ​ផុត​ពី​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ​ខ្មែរ​ក្រហម ​នៅ​ថ្ងៃ​ទី​ ៧​មករា​ ឆ្នាំ​ ១៩៧៩​ ហើយ​… បាន​បន្ត​ការ​ដឹក​នាំ​ប្រទេស​ ដែល​ពេល​នោះ​ ប្រឈម​នឹង​សង្គ្រាម​ស៊ីវិល​ផង​… ប្រឆាំង​ការ​វិល​ត្រឡប់​មក​វិញ ​នូវ​របប​ខ្មែរ​ក្រហម​ប៉ុល​ពត​ផង ​និង​ប្រឈម​ការ​ដាក់​ទណ្ឌ​កម្ម​ជា​អន្តរ​ជាតិ​អស់​ប្រមាណ​ ១១​ឆ្នាំ ​ផង​ដែរ ​។

     កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ថ្ងៃ​២៣​ ខែ​តុលា​ ឆ្នាំ​ ១៩៩១ បើ​ទោះ​បី​ជា​នាំ​មក​នូវ​កម្លាំង​អង្គការ​សហ​ប្រជា​ជាតិ​ជាង​មួយ​ម៉ឺន​នាក់​ និង​ការ​ចំណាយ​លុយ​ប្រមាណ​ ២​ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុង​ការ​រៀប​ចំ​អោយ​មាន​ការ​បោះ​ឆ្នោត​សកល​លើក​ដំបូង​នោះ​ក៏​ដោយ ប៉ុន្តែ​សង្គ្រាម​ស៊ីវិល​បង្ក​ដោយ​ក្រុម​ឧទ្ទាម​ខ្មែរ​ក្រហម​ នៅ​តែ​បន្ត​នា​ពេល​នោះ​។ ប្រវត្តិ​សាស្ត្រ​បាន​ចារិក​ថា ​សម្តេច​តេជោ​សែន​ ដែល​មិន​ត្រឹម​តែ​បាន​ដឹក​នាំ​កម្លាំង​តស៊ូ​រំដោះ​ជាតិ​ និង​សង្គ្រោះ​ប្រជា​ជន​រស់​រាន​មាន​ជីវិត​នៅ​ថ្ងៃ​ ៧​មករា​ ១៩៧៩​ ប៉ុណ្ណោះ​ទេ​… សម្តេច​ថែម​ទាំង​បន្ត​ការ​ដឹក​នាំ​បំបាត់​សង្គ្រាម​ស៊ីវិល និង​បាន​ធ្វើ​អោយ​ប្រទេស​មាន​សន្តិភាព​ពិត​ប្រាកដ​ នៅ​ចុង​ឆ្នាំ ​១៩៩៨ ​ថែម​ទៀត​ក្រោម​នយោបាយ​ឈ្នះ​ៗ​ ។

     ក្នុង​ហ្វេស​ប៊ុក​ដែល​រំលឹក​ខួប​ ៣៧​ឆ្នាំ ​ជួប​ជុំ​គ្រូសារ​សា​ឡើង​វិញ ​សម្តេច​បាន​មាន​ប្រសាសន៍​ថា យើង​រួម​គ្នា​ការពារ​សន្តិ​ភាព ទប់​ស្កាត់​នយោបាយ​បែប​ទម្រង់ ប៉ុល ពត ក្នុង​សម័យ​ថ្មី​វិល​មក​វិញ​ជា​ដាច់​ខាត​ ៕

HS 25 02 16 3 copy     HS 25 02 16 4 copy