សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជួបមេបញ្ជាការនាវាប្រទេសចិន និងបានស្នើឲ្យយោធាចិន រៀបចំធ្វើសមយុទ្ធរំដោះនាវាចេញពីចោរប្លន់សមុទ្រ និងសមយុទ្ធក្នុងការសង្គ្រោះរំដោះចេញពីតំបន់ចោរសមុទ្រលួចប្លន់ ។ ការស្នើនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ នេះ គ្រាដែលសម្តេចនាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យមេបញ្ជាការនាវារំដោះប្រជាជនចិនលេខ៥៧៣ រុំា យូម៉ាន់ជាំង ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។
ឧត្តមនាវីទោ រ៉ាំ យូម៉ាន់ជាំង គឺជាមេបញ្ជាការកងទ័ពជើងទឹកចិន ប្រចាំការសមុទ្រចិនខាងត្បូង ដែលបានដឹកនាំនាវាចម្បាំងចិនចំនួន ៣គ្រឿង ជាមួយនឹងកងទ័ពជើងទឹកចិនជាង ៧០០នាក់ ចូលសំចតក្នុងដែនសមុទ្ទកម្ពុជាកាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងមកនេះ ។
មន្ត្រីជំនួយការផ្ទាល់ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ឧត្តមនាវីទោមេបញ្ជាការចិន បានជម្រាបជូនសម្តេចតេជោ នូវក្បូននាវារបស់ចិនដែលបានចុះចតនៅកំពង់ផែក្រុងព្រះសីហនុ ហើយបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនកម្ពុជា… កងទ័ពជើងទឹកកម្ពុជា និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ទៀ បាញ់ ផងដែរ ។ មេបញ្ជាការជើងទឹកចិន បានបន្តថា នៅថ្ងៃទី២៤ ខែកុម្ភៈនេះ កងទ័ពជើងទឹកចិន កំពុងតែធ្វើការហ្វឹកហ្វឺន ជាមួយនឹងកងទ័ពជើងទឹករបស់កម្ពុជា នៅលើដែនគោក… ហើយនៅថ្ងៃ២៦ ខែកុម្ភៈខាងមុននេះ នឹងមានការហ្វឹកហាត់រួមគ្នានៅលើដែនសមុទ្រ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ស្វាគមន៍ និងគាំទ្រនូវការធ្វើសមយុទ្ធរួមគ្នានេះ ហើយសម្តេចក៏បានផ្តល់អនុសាសន៍ថា នៅថ្ងៃខាងមុខ គប្បីនឹងរៀបចំធ្វើសមយុទ្ធៈ
ទី១. ការរំដោះនាវាចេញពីចោរប្លន់សមុទ្រ
ទី២. ធ្វើការសមយុទ្ធក្នុងការសង្គ្រោះរំដោះចេញពីតំបន់ចោរសមុទ្រលួចប្លន់
ទី៣. ធ្វើសមយុទ្ធបង្កើនសមត្ថភាពក្នុងការសង្គ្រោះ នៅពេលមានគ្រោះមហន្តរាយកើតឡើង៕