(ភ្នំពេញ)៖ ក្នុងភាពជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហើបពីបំណងចង់អញ្ជើញ លោក ពូ ទីន ប្រធានាធិបតីរុស្ស៉ី មកចូលរួមកិច្ចប្រជុំអាស៊ាន «ក្នុងក្របខណ្ឌនៃយន្តការដែលដឹកនាំដោយអាស៊ាន»។ កិច្ចប្រជុំនេះ នឹងត្រូវបានរៀបចំឡើងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ (40th & 41th ASEAN Summits) នៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
ថ្លែងនៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា ទោះបីជាកម្ពុជា មានឆន្ទៈចង់អញ្ជើញ លោក ពូ ទីន ដើម្បីមកចូលរួមប្រជុំអាស៊ានក្តី តែកម្ពុជាក៏ត្រូវការការឯកភាពជាឯកច្ឆន្ទ ឬគោលការណ៍កុងសង់ស៉ីស ពីសមាជិកអាស៊ានទាំងអស់សិនដែរ។ ឯកឧត្តមពន្យល់ថា កិច្ចប្រជុំនានារបស់អាស៊ាន ជាពិសេសកិច្ចប្រជុំដែលមានការចូលរួមពីដៃគូខាងក្រៅ គឺត្រូវបានគេស្គាល់ថា កិច្ចប្រជុំក្នុងក្របខណ្ឌនៃយន្តការដែលដឹកនាំដោយអាស៊ាន។
ក្នុងឱកាសថ្លែងព័ត៌មាន ជូនអង្គទូត និងអ្នកសារព័ត៌មាន អំពីលទ្ធផលដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ាលើកទី២របស់ខ្លួន ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចប្រជុំទាំងនោះ ឲ្យនរណាចូល ឬមិនឲ្យនរណាចូល គឺអាស្រ័យលើកុងសង់ស៉ីសរបស់អាស៊ាន។ កន្លងទៅ ប្រទេសឥណ្ឌូនេស៉ី បានអញ្ជើញប្រធានាធិបតី ពូ ទីន ចូលរួមកិច្ចប្រជុំ G20 ដែលការប្រជុំត្រូវបាន ពូ ទីន ទទួលយក។ ផ្អែកតាមបញ្ហានេះ និងផ្អែកតាមហេតុផលដែលថា កិច្ចប្រជុំរបស់អាស៊ាន ជាមួយដៃគូគឺជាយន្តការដែលដឹកនាំដោយអាស៊ាននោះ គឺអាចយកលំនាំតាមឥណ្ឌូនេស៉ី ឬនិយាយដោយប្រុងប្រយ័ត្នបន្តិចនោះ គឺយកតាមការសម្រេចជាសមូហភាព នៅក្នុងអាស៊ាន»។
បើតាមឯកឧត្តម ប្រាក់ សុខុន ទោះបីជាកម្ពុជា គឺជាប្រធានអាស៊ាននៅឆ្នាំនេះ ប៉ុន្តែកម្ពុជាក៏គោរពគោលការណ៍អាស៊ាន។ ឯកឧត្តមបន្តថា បច្ចុប្បន្នស្ថានភាពរបស់ប្រទេសរុស្ស៉ី មិនល្អប៉ុន្មាននោះទេ ហើយម្យ៉ាងទៀត ការអញ្ជើញរុស្ស៉ីមកក៏មានសម្ពាធពីខាងក្រៅដែរ។ ឯកឧត្តមក៏សង្ឃឹមថា កិច្ចប្រជុំអាស៊ាននៅយូរទៀត ហេតុនេះប្រហែលជានឹងមានស្ថានភាពល្អ ដែលអំណោយផលដល់ការបន្ថូរបន្ថយសម្ពាធ សម្រាប់អញ្ជើញប្រធានាធិបតីរុស្ស៉ី មកបាន ស្របពេលជាមួយនឹងមានការសម្រេចឯកភាពពីអាស៊ានទាំងមូល។
ឯកឧត្តម ប្រាក់ សុខុន បញ្ជាក់យ៉ាងដូច្នេះថា «ចម្លើយមិនទាន់ដាច់ណាត់ទេ ចំពោះបញ្ហានេះ ប៉ុន្តែអាស៊ាននឹងសម្រេចក្នុងការអញ្ជើញ ឬមិនអញ្ជើញ»។
កាលពីខែតុលា ឆ្នាំ២០២១ កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៉ី លើកទី៤ ដែលរៀបចំឡើង តាមប្រព័ន្ធវីដេអូ ដែលមានប្រ៊ុយណេធ្វើជាម្ចាស់ផ្ទះ ត្រូវបានចូលរួមពី លោក វ៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ី និងប្រមុខដឹកនាំប្រទេសសមាជិកអាស៊ានដទៃទៀត លើកលែងតែមីយ៉ាន់ម៉ា មិនមានតំណាងចូលរួមនោះឡើយ។
កិច្ចប្រជុំនោះ បានអនុម័តឯកសារសំខាន់ៗចំនួន៣ រួមមាន ទី១៖ ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តន៍ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៉ីឆ្នាំ២០២១-២០២៥ ទី២៖ សេចក្តីថ្លែងការណ៍ អាស៊ាន-រុស្ស៉ី ស្តីពីការកសាងតំបន់ប្រកបដោយសន្តិសុខ និងចីរភាព និងទី៣៖ កិច្ចសហប្រតិបត្តិការអាស៊ាន-រុស្ស៉ី លើផ្នែកដោះស្រាយ និងប្រឆាំងបញ្ហាគ្រឿងញៀនពិភពលោក៕