បណ្ឌិត ហ៊ុន ម៉ាណែត និងក្រុមយុវជនគណបក្សប្រជាជនកម្ពុជាជាច្រើនរូប ដែលកំពុងទស្សនកិច្ចក្នុងប្រទេសចិន បានរៃអង្គាសប្រាក់បានជាង ២ពាន់ដុល្លារ ដើម្បីជួយឧបត្ថម្ភដល់និស្សិតខ្មែរកំពុងសិក្សានៅប្រទេសចិនម្នាក់ ដែលកើតជំងឺមហារីកគ្រាប់ឈាម និងត្រូវការថវិកាជាច្រើនដើម្បីព្យាបាល ។
ថវិកាជាង ២ពាន់ដុល្លារ នេះ ត្រូវបានរៃអង្គាសជូននិស្សិតរងគ្រោះ ក្នុងពេលជួបជុំអាហារសាមគ្គីរវាងបណ្ឌិត ហ៊ុន ម៉ាណែត និងក្រុមយុវជនគណបក្សប្រជាជនកម្ពុជា ជាមួយនិស្សិតអាហារូបករណ៍នៅប្រទេសចិននាល្ងាចថ្ងៃទី១៤ ខែមិនា ឆ្នាំ ២០១៦ ។ ហើយនៅថ្ងៃនេះផងដែរ បណ្ឌិត ហ៊ុន ម៉ាណែត និងគណៈប្រតិភូ បានអញ្ជើញជួបជាមួយរដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិចិន និងបានបំពេញទស្សនកិច្ចសិក្សាជាច្រើនកន្លែង ។
គួររំលឹកថា ក្រុមការងារយុវជនថ្នាក់កណ្តាល របស់គណបក្សប្រជាជនកម្ពុជា និង បណ្ឌិត ហ៊ុន ម៉ាណែតកំពុងស្ថិតក្នុងសាធារណរដ្ឋប្រជាមានិតចិន ក្នុងដំណើរបំពេញទស្សនកិច្ចចំនួន ១០ថ្ងៃ ដើម្បីពង្រឹងទំនាក់ទំនង រឹតចំណងសាមគ្គីភាពមិត្តភាព រវាងយុវជននៃប្រទេសទាំងពីរ ។ ដំណើរទស្សនកិច្ចបានចាប់ផ្តើមធ្វើតាំងពីថ្ងៃទី១៣ ខែមិនា ដល់ថ្ងៃទី២៣ ខែមិនា ឆ្នាំ ២០១៦ នឹងមានការចុះអនុស្សរណៈ លើកិច្ចសហប្រត្តិបត្តិការថែមទៀតផង ។
យុវជនគណបក្សប្រជាជនកម្ពុជា ត្រូវគេឃើញបានពង្រីកឥទ្ធិពល នៅតាមបណ្តាប្រទេសធំៗលើសកលលោក ដូចជានៅទ្វីបអាម៉េរិក… អូស៊ីអានី… អឺរ៉ុប… និងអាស៊ី ជាដើម ។