រដ្ឋាភិបាលស្វីស បន្តជួយហិរញ្ញវត្ថុប្រចាំឆ្នាំ ដល់​កម្ពុជា


Swiss 16 03 16 2 copy

     ប្រទេស​ស្វីស បាន​ចុះ​ហត្ថ​លេខា​ជាមួយ​នឹង​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា ដោយ​បាន​សន្យា​គាំទ្រ​កិច្ច​សហ​ប្រតិបត្តិ​ការ​បច្ចេក​ទេស ហិរញ្ញ​វត្ថុ សេដ្ឋ​កិច្ច​ និង​ជំនួយ​មនុស្ស​ធម៌​ ។ ការ​ចុះ​ហត្ថ​លេខា​នៅ​ថ្ងៃ​ទី​១៥​ ខែ​មីនា ឆ្នាំ ២០១៦ បាន​ធ្វើ​ឡើង​រវាង ឯក​អគ្គ​រដ្ឋ​ទូត​ស្វីស​ ឯកឧត្តម Ivo Sieber ជាមួយ​នឹង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរ​ទេស​កម្ពុជា ​ឯកឧត្តម​ឧប​នាយក​រដ្ឋ​មន្ត្រី ហោ ណាំហុង នៅ​ទី​ស្តី​ការ​ក្រសួង​ការ​បរ​ទេស​ ។

     ក្រសួង​ការ​បរ​ទេស​កម្ពុជា​បាន​អោយ​ដឹង​ថា ​ការ​ចុះ​ហត្ថ​លេខា​ព្រម​ព្រៀង​នេះ គឺ​ជា​បញ្ជាក់​ការ​ប្តេជ្ញា​របស់​ប្រទេស​ស្វីស ​ដែល​បន្ត​ជួយ​ដល់​ការ​អភិវឌ្ឍន៍​កម្ពុជា​ ។ បច្ចុប្បន្ន​ ជំនួយ​ហិរញ្ញ​វត្ថុ​ប្រចាំ​ឆ្នាំ​របស់​ស្វីស​ចំពោះ​កម្ពុជា​ មាន​ចំនួន ​១២​លាន​ហ្វ្រង់​ស្វីស​ ដែល​ស្មើ​នឹង​ ១២​លាន​ដុល្លារ​អាមេរិក ​។

     ជំនួយ ​១២​លាន​ហ្វ្រង់​ស្វីស​ ក្នុង​មួយ​ឆ្នាំៗ​នោះ ​ផ្តោត​លើ​អភិបាល​កិច្ច​មូល​ដ្ឋាន ​និង​ការ​ចូល​រួម​របស់​ពលរដ្ឋ ​ផ្នែក​កសិកម្ម​ និង​សន្តិ​សុខ​ស្បៀង ការ​អភិវឌ្ឍន៍​ជំនាញ​និង​ការងារ និង​មន្ទីរ​ពេទ្យ​គន្ធ​បុប្ឆា ​។

     សូម​ជំរាប​ថា​ រដ្ឋា​ភិ​បាល​ស្វីស​ បាន​ជួយ​គាំទ្រ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ឆា ​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៤ ក្នុង​ថវិកា​សរុប​ចំនួន​ ៥៥​លាន​ហ្វ្រង់​ស្វីស ​ហើយ ​។