សម្តេចតេជោ ហ៊ុន សែន៖ បើខ្លួនចាស់ហើយ សូមឱ្យច្បាស់ជាងក្មេង បើមិនច្បាស់ គួរទៅសួរនៅសាលាឱ្យច្បាស់ ប្រយ័ត្នខ្មាសក្មេង


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តាំទៅត្រកូល​ក្បត់​ជាតិ សម រង្ស៉ី ក្នុងនាមជាមនុស្សត្រូវតែច្បាស់លាស់ជាងក្មេង ហើយបើមិន​ច្បាស់​ទេ ត្រូវសួរសាលាឱ្យច្បាស់ ប្រយ័ត្នខ្មាសក្មេង។

សំណេររបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងភ្ជាប់ជាមួយវីដេអូ​របស់​ឯកឧត្តម​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ពីអន្ថន័យនៃលិខិតដែលបាន​ផ្ញើជូនសម្តេច​ កាលពី៣០ឆ្នាំមុន ដើម្បីសុំចូលរៀននៅសាលាបណ្ឌិតសភាយោធា​អាមេរិក West Point។

ឯកឧត្តម​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង​ជាមេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ បានថ្លែងបកស្រាយលំអិតលើខ្លឹមសារសំបុត្រ ដែលលោកបានសរសេរផ្ញើជូនសម្តេចតេជោ កាលពី៣០ឆ្នាំមុន ដើម្បីសុំចូលរៀននៅសាលាបណ្ឌិតសភាយោធាអាមេរិក។

ការបង្ខំចិត្តចេញបកស្រាយខ្លឹមសារនៅក្នុងសំបុត្រនេះ បន្ទាប់ពីត្រកូលក្បត់ជាតិ សម រង្ស៉ី បានយកខ្លឹមសារសំបុត្រនោះធ្វើជាមូលដ្ឋានវាយតម្លៃថា ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត ចូលរៀននៅសាលាបណ្ឌិតសភាយោធាអាមេរិក ក្រោមកិច្ចអន្តរាគមន៍ មិនពឹងលើសមត្ថភាពរបស់ខ្លួន។

ឯកឧត្តម​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងការអស់សំណើច​ជា​ខ្លាំង​ចំពោះ​ភាព​ល្ងង់ខ្លៅរបស់ត្រកូលក្បត់ជាតិ សម រង្ស៉ី ជាអ្នកនយោបាយ​វ័យ​ចំណាស់​ អួតសុទ្ធតែជាបញ្ញវន្ត បែរជាអានមិនយល់ខ្លឹមសារសំបុត្ររបស់ក្មេង​វ័យ​១៦ឆ្នាំ។

ជាមួយនឹងការហួសចិត្តចំពោះភាពល្ងង់ខ្លៅរបស់ត្រកូលក្បត់ជាតិ សម រង្ស៉ី ហើយនោះ ឯកឧត្តម​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានពន្យល់មួយ​ឃ្លា​ម្តងៗ​លើខ្លឹមសារសំបុត្ររបស់លោកផងដែរ។

ឃ្លាថា «នៅសាលាទាហ៊ានអាមេរិកពិបាកចូលរៀនណាស់ ព្រោះភា​គ​ច្រើន​​ចូលរៀនបាន គឺជាអាមេរិកាំង» ឯកឧត្តម​បណ្ឌិត បានពន្យល់ថា សាលា​បណ្ឌិត​​សភាយោធាអាមេរិក មិនងាយនឹងចូលរៀននោះឡើយ។ ក្នុងមួយឆ្នាំមាន​សិស្ស ១២,០០០នាក់ ទៅ ១៥,០០០នាក់ បានដាក់ពាក្យ ហើយអ្នកជាប់តែ ១,២០០នាក់ប៉ុណ្ណោះ គឺមិនបាន ១០ភាគរយនោះនៃអ្នកដាក់ពាក្យនោះទេ។ ក្នុងចំណោមអ្នកជាប់ ១,២០០នាក់នេះ មានសិស្សបរទេសប្រមាណ ២០នាក់​ប៉ុណ្ណោះ មិនដល់ ២ភាគរយនោះទេ។ ក្នុងជំនាន់ដែលឯកឧត្តម​បណ្ឌិតចូលរៀន មានតែ៧នាក់ប៉ុណ្ណោះ នៃសិស្សបរទេស ដែលបានប្រលងចូលជាប់ ក្នុងនោះមានខ្មែរមួយរូបដែរ គឺរូបលោក។ ហ្នឹងហើយដែលគេហៅថាលំបាក។

ឃ្លាថា «ជនបរទេសទាល់តែដាក់ដឺម៉ង់ពិសេស» ឯកឧត្តម​បណ្ឌិត បានពន្យល់ថា ជនបរទេសដាក់ពាក្យអត់ដូចជនជាតិអាមេរិកាំងនោះទេ គឺដាក់ពាក្យតាមទូតអាមេរិកាំងនៅក្រៅប្រទេស។ ដោយឡែកជនជាតិអាមេរិកាំង ដាក់ពាក្យត្រង់ទៅសាលាតែម្តង។ សម្រាប់ជនបរទេសគ្មានសិទ្ធិដាក់​ត្រង់ទៅ​សា​លា​ទេ គឺត្រូវដាក់តាមស្ថានទូតអាមេរិកប្រចាំប្រទេសរបស់ខ្លួន។

កូនខ្មែរដំបូងគេបានរៀននៅសាលាបណ្ឌិតសភាយោធាអាមេរិករូបនេះ បានបញ្ជាក់ទៀតថា លក្ខខណ្ឌនៃការចូលរៀន គឺត្រូវប្រលង។ ក្នុងនោះសម្រាប់ជនជាតិអាមេរិកាំង ត្រូវប្រលងពីរវិញ្ញាសារ រួមមាន ការប្រលងចំណេះដឹងទូទៅ និងប្រលងកីឡា។

សម្រាប់សិស្សបរទេស ត្រូវថែមវិញ្ញាសារភាសាមួយទៀត។ ដូច្នេះសិស្សបរទេស​ត្រូវ​ប្រលង​វិញ្ញសារចំនួន៣ រួមមានអង់គ្លេស ចំណេះដឹងទូទៅ និងកីឡា។ បន្ទាប់មកទើបគេយកពិន្ទុទៅបូកសរុបចូលគ្នា ហើយយកទៅប្រៀបធៀបជាមួយសិស្សដទៃទៀត ទើបជ្រើសរើសយក ១,២០០នាក់ ហើយសិស្សបរទេសមិនឱ្យលើសពី២០នាក់ ហើយក្នុងជំនាន់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត សិស្សបរទេសបានតែ ៧នាក់ប៉ុណ្ណោះ។

ឃ្លាថា «តាមអ៊ំប្រុសនិយាយចូលរៀនបានទាល់តែមានអ្នកជួយ​ជាថ្នាក់ឧត្តម​សេនីយ៍ ឬនៅក្រៅប្រទេសជាទូតក៏បាន» ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សិស្សដែលដាក់ពាក្យចូលរៀននៅសាលាបណ្ឌិតសភាយោធាអាមេរិកនេះបាន ទោះបីពូកែយ៉ាងណាក៏ដោយ នឹងមិនអាចជាប់បញ្ជីសម្រាំងដំបូងនោះឡើយ បើគ្មានការជួយធានា។ ការធានានេះ សម្រាប់ជនជាតិអាមេរិក ត្រូវមានមន្ត្រីរបស់អាមេរិក សម្រាប់ជនបរទេស ត្រូវមានស្ថានទូតអាមេរិក ជាអ្នកធានា។ បើមិនមានអ្នកធានាឱ្យដាក់ពាក្យទេ ទោះបីពូកែយ៉ាងណា ក៏គេមិនរើសនោះឡើយ។

ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្រាប់ជនជាតិអាមេរិក អ្នកមាន​សិទ្ធិធានារួមមាន អនុប្រធានាធិបតីអាមេរិក អាចធានា ៥នាក់ បន្ទាប់មក​មាន​សមា​ជិកសភា និងព្រឹទ្ធសភាអាមេរិក ហើយក្នុងក្របខណ្ឌយោធា មាននាយ​ទាហាន​ជាន់ខ្ពស់ ប្រធានអង្គភាព ឬនាយទាហានជាន់ខ្ពស់ថ្នាក់​ឧត្តមសេនីយ៍​ផ្សេងៗ​ទៀត។

ឯកឧត្តម​ ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះ «ខ្ញុំសូមបញ្ជាក់ថា អាជួយហ្នឹង គឺជួយអ៊ីចឹង គឺជួយធានាឱ្យដាក់ពាក្យ»

ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងផងដែរថា សម្រាប់សាលាបណ្ឌិតសភាយោធាអាមេរិកនេះ ការប្រលងចូល គឺជារឿងលំបាកមួយហើយ តែកាន់លំបាកថែមទៀតនោះ គឺប្រលងចូលហើយរៀនមិនបានចប់។

ឯកឧត្តម​បណ្ឌិតបានបញ្ជាក់ថា ក្នុងចំណោមសិស្សដែលប្រលងជាប់ប្រមាណ ១,២០០នាក់នេះ ពេលរៀនមានអ្នកធ្លាក់ និងបោះបង់ការសិក្សាប្រមាណ ១៥ភាគរយ ទៅ ២០ភាគរយថែមទៀត ទទួលសញ្ញាបត្របានតែ ៨០ភាគរយ ទៅ ៨៥ភាគរយប៉ុណ្ណោះ។ នៅជំនាន់លោករៀននោះ អ្នកទទួលសញ្ញាបត្រមានតែ ៧៧ភាគរយប៉ុណ្ណោះ ពោលអ្នកទទួលបានសញ្ញាបត្រមានតែ ៩៣៤នាក់។

ឯកឧត្តម​ ហ៊ុន ម៉ាណែត បានប្រាប់ទៅជនត្រកូលក្បត់ជាតិ សម រង្ស៉ី ទៀតថា បើចង់ដឹងសមត្ថភាពរបស់លោកពិតប្រាកដ កុំផ្តោតតែរឿងចូលរៀន ប៉ុន្តែអាចទៅរកព័ត៌មានប្រវត្តិសិក្សារបស់លោកនៅក្នុងសាលារយៈពេល ៤ឆ្នាំ តើ លោករៀនបានចំណាត់ថ្នាក់លេខប៉ុន្មាន?

ឯកឧត្តម​ ហ៊ុន ម៉ាណែត បានលើកដូច្នេះ «បើហ៊ានយើងបបួលគ្នាភ្នាល់ ខ្ញុំនឹងដឹកដៃគាត់ទៅសុំសាលាមើលទាំងអស់គ្នា តើ ហ៊ុន ម៉ាណែត រៀនបានលេខប៉ុន្មាននៅក្នុងសាលាអាមេរិកាំងដែលលំបាកនេះ តើ ហ៊ុន ម៉ាណែត រៀននៅកន្ទុយគេ ធ្លាក់ផង អីផងអត់? តែហ៊ានភ្នាល់ជាមួយខ្ញុំ បើពិតជាឃើញហើយខ្ញុំមិនចុងប៉ូច ខ្ញុំរៀនបានពិន្ទុល្អ មិនចាញ់គេ មិនចាញ់កូនអាមេរិកាំង ក្នុងសាលាដែលលំបាក លោកឯង ហ៊ានភ្នាល់ឈប់ធ្វើនយោបាយទេ? ប្រហែលជាអត់ទេ? គ្រាន់តែភ្នាល់ជាមួយខ្ញុំសញ្ញាបត្រកម្រិតពីរមិនហ៊ានភ្នាល់ផង»