អភិបាលខេត្តកំពង់ធំ ណែនាំឱ្យមន្ត្រីថ្នាក់ក្រោមរួមគ្នាដោះស្រាយបញ្ហា ៦វិស័យធំៗ ឱ្យមានប្រសិទ្ធភាព


(កំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានណែនាំឱ្យមន្ត្រីថ្នាក់ក្រោមរួមគ្នាដោះស្រាយបញ្ហា ៦វិស័យធំៗឱ្យមានប្រសិទ្ធភាព ក្នុងនោះពាក់ព័ន្ធនឹងការបង្ក្រាបគ្រឿងញៀន បទល្មើសចោរកម្ម ការបង្ក្រាបបទល្មើសព្រៃឈើ បទល្មើសនេសាទ ការចុះដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងវិស័យសុខាភិបាល។

ការបញ្ជាក់ដូចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំសន្និបាតប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ធំ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំរដ្ឋបាលខេត្ត។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមបានឲ្យក្រុមការងារមន្ទីរអង្គភាពជំនាញ អាជ្ញាធរឃុំ ស្រុក ត្រូវធ្វើយ៉ាងណាលើកឡើងនៅចំណុចអវិជ្ជមាន និងត្រូវហ៊ានបញ្ចេញយោបល់និងសកម្មភាពណាមួយដែលស្ថាប័នពាក់ព័ន្ធទាំងអស់មានការអនុវត្តនៅខ្វះចន្លោះ ដែលធ្វើឲ្យប៉ះពាល់ដល់ថ្នាក់មូលដ្ឋានរបស់ខ្លួន ដោយផ្ដោតទៅលើចំណុចសំខាន់ៗ ៦ចំណុច៖

១. ការបង្ក្រាបគ្រឿងញៀន៖ ជំរុញឱ្យមានការពង្រឹងនៅភូមិឃុំមានសុវត្ថិភាព ព្រមទាំងរៀបចំយន្តការដឹកនាំក្នុងការអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ក្រាបនូវការចរាចរណ៍គ្រឿងញៀន ព្រមទាំងរៀបចំផែនការយុទ្ធសាស្ត្រ និងរំលេចឡើងនៅយន្តការអនុវត្តឱ្យមានប្រសិទ្ធភាព។ ជាក់ស្ដែងដូចអ្វីដែលបងប្អូនប្រជាពលរដ្ឋបាន Comment នៅក្នុងបណ្ដាញ Facebook គាត់បានសួរលោកថា តើគ្រឿងញៀនពេលណាអស់ ហើយសព្វថ្ងៃនេះបញ្ហាគ្រឿងញៀនបានរីករាលដាលដល់តំបន់មូលដ្ឋានគ្រប់ទីកន្លែង បើនៅក្នុងគុកអ្នកទោស១០០នាក់ មាន៨០នាក់ប្រើប្រាស់គ្រឿងញៀន។

២. បទល្មើសចោរកម្ម៖ បញ្ហានេះទាក់ទងទៅនឹងភូមិឃុំមានសុវត្ថិភាព ដែលទាមទារឲ្យក្រុមការងារមូលដ្ឋានមានការលើកទឹកចិត្តដល់ប្រជាការពារភូមិ ដើម្បីឲ្យពួកគាត់ជួយសម្រួលការងារដល់លោកមេប៉ុស្តិ៍ ដូចជាការកំណត់មុខសញ្ញាការតាមដានមុខសញ្ញា ហើយនិងការអនុវត្តមុខសញ្ញាថា តើយើងនឹងត្រូវធ្វើដូចម្ដេចទៀត ពីព្រោះបទល្មើសចោរកម្មនេះគេហៅថា ចោរអំបុកចោលអំបែងវាកើតឡើងលឿនហើយវាក៏បាត់ទៅវិញលឿនផងដែរ។

៣. ការបង្ក្រាបបទល្មើសព្រៃឈើ៖ កាលពីមុនយើងមានច្បាប់ការពារធនធានព្រៃឈើ បន្ទាប់មកយើងនាំគ្នាការពារព្រៃឈើ ហើយមកដល់ពេលនេះយើងត្រូវការការពារ ការទន្ទ្រានដីព្រៃឈើ ដែលបញ្ហានេះជាបញ្ហាធំដែលតម្រូវឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវធ្វើយ៉ាងណាទប់ស្កាត់និងការការពារហើយរយៈពេល៥ឆ្នាំនៅក្នុងអាណត្តិទី៧ នេះគឺត្រូវធ្វើយ៉ាងណាបញ្ចប់ពីរឿងដីធ្លី ហើយការចុះបញ្ជីដីរដ្ឋវាងាយស្រួលទេ ប៉ុន្តែមន្ទីរពាក់ព័ន្ធត្រូវធ្វើការឆ្លើយបំភ្លឺឲ្យបានច្បាស់លាស់ ជៀសវាងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ព្រមទាំងមិនសមស្របទៅតាមគោលនយោបាយចុះបញ្ជីដីធ្លី ដែលធ្វើឲ្យការចុះបញ្ជីនោះអត់តម្លាប់ភាពហើយវានៅតែមានបញ្ហាមិនចេះចប់។

៤. បទល្មើសនេសាទ៖ តម្រូវឲ្យក្រុមការងារទាំងអស់សហការជាមួយមន្ទីរជំនាញពាក់ព័ន្ធថា តើត្រូវរកយន្តការបែបណា ដើម្បីឆ្លើយតបទៅនឹងបទល្មើសនេសាទទាំងអស់ប្រកបដោយប្រសិទ្ធភាព។

៥. ការចុះដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៖ ខេត្តមានគណៈកម្មការខេត្តដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហើយនិងគណៈកម្មការសុរិយាដីខេត្ត យើងត្រូវគិតថាតើវាបណ្ដាលមកពីកត្តាអ្វីខ្លះថា តើយើងត្រូវរកនីតិវិធីដោះស្រាយដូចម្ដេចខ្លះ មួយវិញទៀត តើមន្ត្រីដែលចុះទៅដោះស្រាយមានភាពស្មោះត្រង់ដែរឬទេ យើងមិនអាចឱ្យមន្ត្រីម្នាក់មកចាប់មនុស្សដាក់គុកបានទេ។ ដូច្នេះយើងត្រូវរំលេចចេញនូវយន្តការណាមួយឲ្យបានត្រឹមត្រូវ និងអនុវត្តប្រកបដោយប្រសិទ្ធភាព ពីព្រោះការចុះបញ្ជីជាលក្ខណៈប្រព័ន្ធដែលជាគោលដៅឆ្នាំ២០២៥ ឲ្យបាន៧លានក្បាលដី។

៦. វិស័យសុខាភិបាល៖ ជំរុញឲ្យមន្ទាយជំនាញសុខាភិបាលមានផែនការច្បាស់លាស់ជំរុញ និងលើកកម្ពស់ស្រុកសុខភាពភាពសាធារណៈដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយសុខាភិបាលអាណត្តិទី៧ ដែលបានដាក់ចេញថា តើយើងត្រូវរៀបចំផែនការឬក៏យន្តការដូចម្ដេចខ្លះ?

ឯកឧត្តមអភិបាលខេត្តក៏បានជំរុញឲ្យក្រុមការងារទាំងអស់ពិភាក្សាគ្នាបញ្ចេញមតិឲ្យបានលិតអន់គ្រប់ជ្រុងជ្រោយ ពីព្រោះវាជាឱកាសដែលក្រុមការងារទាំងអស់បានប្រជុំគ្នា ដើម្បីទទួលយកបញ្ហាប្រឈម និងស្វែងរកយន្តការដោះស្រាយរួមមួយប្រកបដោយប្រសិទ្ធភាព ព្រមទាំងរៀបចំផែនការយុទ្ធសាស្ត្របន្តសម្រាប់អនុវត្តឆ្នាំ២០២៤៕