ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្តាល បានជំរុញដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារទាំងអស់ សូមបន្តចូលរួមសកម្មភាព ឱ្យបានខ្លាំងក្លាថែមទៀត ទាំងការងារសង្គម និងការងារមនុស្សធម៌ ដើម្បីរួមចំណែកធ្វើឱ្យសម្រេចបានកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។
ឯកឧត្តម គីម រិទ្ធី បានថ្លែងដូចនេះនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សហភាព សហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក យុង គឹមហ៊ាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ ព្រមទាំង លោក លោកស្រី ជាប្រធាន អនុប្រធាន ជាសមាជិក សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត ក្រុង ស្រុក ជាច្រើនរូបទៀត។
លោក យុង គឹមហ៊ាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ បានថ្លែងដឹងថា បច្ចុប្បន្ននេះសមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តព្រះវិហារ មានសមាជិកសរុបទូទាំងខេត្តចំនួន ៣៧៣៦រូប ស្រី១៤២៩រូប ក្នុងនោះគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត មានចំនួន៦៩រូប ស្រី០៤រូប និងគណៈកម្មាធិការ ក្រុង ស្រុក មានចំនួន ៣៧៥រូប ស្រី ៩៧រូប ព្រមទាំងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជានៅតាមបណ្តាឃុំ សង្កាត់ និងតាមបណ្តាមន្ទីរ អង្គភាព ទូទាំងខេត្ត នៅតាមគ្រឹះស្ថានសិក្សាជុំវិញខេត្ត មានចំនួនសរុប ៣៣១២រូប ស្រី១២៥៦រូប និងក្រុមសមាជិកគាំទ្រមានចំនួន៦១ រូប ស្រី០៧រូប។
ថ្លែងសំណេះសំណាលនាឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានកោតសរសើរ និងអំណគុណចំពោះប្រធាន អនុប្រធាន និងសមាជិក សមាជិកា នៃសហភាពសហព័ន្ធ យុវជនកម្ពុជា ស.ស.យ.ក ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់ ដែលកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីផ្សេងៗជាច្រើន ទាំងការងារសង្គម និងការងារមនុស្សធម៌។
ឯកឧត្តម គីម រិទ្ធី ក៏បានថ្លែងជំរុញ និងលើកទឹកចិត្ត ទៅដល់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តទាំងអស់ ខិតខំពង្រឹងនូវសមត្ថភាព ចំណេះដឹង និងជំនាញបន្ថែមទៀត និងបន្តចូលរួមឱ្យបានខ្លាំងក្លាទាំងការងារសង្គម និងការងារមនុស្សធម៌ ក៏ដូចជាការងារបរិស្ថាន ការងារអប់រំកីឡា ការងារពលរដ្ឋល្អ និងចូលរួមសកម្មភាពផ្សេងៗច្រើនទៀត ស្របតាមស្ថានភាពជាក់ស្ដែង របស់រដ្ឋបាល ខេត្ត ក្រុង ស្រុក ក្នុងន័យគាំទ្រ ដើម្បីរួមចំណែកធ្វើឱ្យសម្រេចបានកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ៕