តំណាងឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជួបសំណេះសំណាល និងចាប់ឆ្នោតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ៤៣កន្លែង និងថ្នាក់បរិញ្ញាបត្ររង៤កន្លែង ផ្តល់ជូនសិស្សនៅក្នុងស្រុកខ្សាច់កណ្ដាល


ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងចាប់ឆ្នោតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៤៣ កន្លែង និងថ្នាក់បរិញ្ញាបត្ររងចំនួន៤កន្លែង របស់អគ្គបណ្ឌិតសភាចារ្យ ផ្តល់ជូនសិស្សនៅក្នុងស្រុកខ្សាច់កណ្ដាល ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកខ្សាច់កណ្ដាល។

ពិធីនេះ មានការចូលរួមពី អនុប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក, ក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ, លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល, ក្រុមប្រឹក្សាឃុំ លោកនាយក លោកគ្រូអ្នកគ្រូ, និងសិស្សចាប់អាហារូបករណ៍សរុបប្រមាណ ៥២០ នាក់។
សិស្សនៅស្រុកខ្សាច់កណ្តាល ដែលបានចូលរួមចាប់ឆ្នោតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ៤៣ កន្លែង និងថ្នាក់បរិញ្ញាបត្ររង ៤ កន្លែង របស់អគ្គបណ្ឌិតសភាចារ្យ នាពេលនេះ មានចំនួន ២៣៨ នាក់ ស្រី ១៧២ នាក់ ស្មើនឹង ៥២% នៃសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលមានចំនួនសរុប ៤៥៨ នាក់។ ដោយឡែក សិស្សជាប់និទ្ទេស A ចំនួន ៣នាក់ ដែលបានចូលរួមចាប់ឆ្នោតអាហារូបករណ៍នោះ, លោកបណ្ឌិត កៅ ថាច និងគណៈកម្មការសម្រេចឲ្យទទួលបានអាហារូបករណ៍ជាស្វ័យប្រវត្តិ។ ប៉ុន្តែដោយសិស្សជាប់និទ្ទេស A ទាំង៣នាក់ ចង់សិសក្សានៅវិទ្យាស្ថានបច្ចេកទេសកម្ពុជាដូចគ្នា ហើយអាហារូបកណ៍មានតែ ២ កន្លែងនោះ គឺត្រូវធ្វើការចាប់ឆ្នោត។ ចំពោះសិស្សជាប់និទ្ទេស A ម្នាក់ ដែលចាប់ឆ្នោតមិនបាន លោកបណ្ឌិត កៅ ថាច សម្រេចផ្តល់អាហារូបករណ៍ជូនដោយការបង់ថ្លៃ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងនូវការអបអរសាទរចំពោះប្អូនៗ ក្មួយៗសិស្សានុសិស្សនៅស្រុកខ្សាច់កណ្តាល ដែលមានវាសនាល្អ ដោយមានអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងគិតគូរយកចិត្តទុកដាក់ខ្លាំងចំពោះវិស័យអប់រំ ដែលក្នុងនោះបានផ្តួចផ្តើមកសាងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសសម្តេចតេជោ ហ៊ុន សែន-ROTA ខ្សាច់កណ្តាលដ៏ធំស្គឹមស្កៃ និងបានឧបត្ថម្ភការបង្រៀនបន្ថែមម៉ោងដល់សិស្សថ្នាក់ទី១២, បង្កើតឲ្យមានវគ្គបំប៉នពិសេស ដើម្បីឲ្យសិស្សអាចប្រឡងជាប់និទ្ទេស A ច្រើន, ព្រមទាំងផ្តល់អាហារូបករណ៍ ដល់សិស្សានុសិស្សជារៀងរាល់ឆ្នាំ។

ក្រៅពីការយកចិត្តទុកដាក់ចំពោះវិស័យអប់រំ អគ្គបណ្ឌិតសភាចារ្យ ក៏បានធ្វើការអភិវឌ្ឍស្រុកខ្សាច់កណ្តាល ឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកទឹកចិត្ត និងចែករំលែកនូវបទពិសោធន៍ល្អៗដល់ក្មួយៗ ដែលនឹងត្រូវបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ដើម្បីឲ្យក្មួយៗមានទុនក្នុងឈានឆ្ពោះទៅសម្រេចគោលបំណងដោយជោគជ័យនៅថ្ងៃអនាគត ដែលក្នុងនោះ ឯកឧត្តមបណ្ឌិតបានជម្រាបថា ការសិស្សានៅថ្នាក់ឧត្តមសិក្សាដំបូង គឺប្អូនៗត្រូវសិក្សាអំពីវិធីសាស្រ្តនិយាយ របៀបអាន របៀបសរសេរ ឲ្យបានលឿន និងខិតខំធ្វើការសិក្សាស្រាវជ្រាវឲ្យច្រើន ពិសេសត្រូវចេះភាសាអង់គ្លេស ឲ្យច្បាស់លាស់ ព្រមទាំងផ្នែកបច្ចេកវិទ្យាឌីជីថល។

បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានផ្តាំផ្ញើដល់ប្អូនៗក្មួយៗដែលទទួលបានអាហារូបករណ៍៖
(ទី១)៖ ត្រូវខិតខំសិក្សារៀនសូត្រ
(ទី២)៖ ត្រូវមានការតាំងចិត្តខ្ពស់ក្នុងការសិស្សានៅពេលទទួលបានអាហារូបករណ៍ដោយត្រូវព្យាយាមតស៊ូរៀន ឲ្យបានចប់ថ្នាក់បរិញ្ញាបត្រនេះ ដោយមិនត្រូវបោះបង់ចោលជាដាច់ខាត
(ទី៣)៖ បើសិនក្មួយៗណាមិនមានការតាំងចិត្តរៀន ឲ្យបានចប់ចុងចប់ដើមទេ សូមទុកអាហារូបករណ៍នេះជូនអ្នកដែលមានការតាំងចិត្តចង់រៀន។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់ក្មួយៗសិស្សានុសិស្ស ដែលមានវត្តមានចូលរួមចាប់ឆ្នោតអាហារូបករណ៍ និងគណៈកម្មការរៀបចំការចាប់ឆ្នោត ព្រមទាំងឧបត្ថម្ភដល់សាលាស្រុកខ្សាច់កណ្តាល សម្រាប់ការរៀបចំកម្មវិធីនេះផងដែរ៕