អភិបាលខេត្តស្វាយរៀង ណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធហាមឃាត់រាល់សំណង់អនាធិបតេយ្យគ្មានច្បាប់


ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំដល់មន្ត្រីរាជការ អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យ និងហាមឃាត់រាល់សំណង់អនាធិបតេយ្យដែលគ្មានច្បាប់។

ឯកឧត្តមអភិបាលខេត្តលើកឡើងបែបនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ និងលើកទិសដៅការងារខែមករា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៦ ខែធ្នូ។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួន ដូចជា ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅក្នុងខេត្តឲ្យបានល្អប្រសើរជូនប្រជូនប្រជាពលរដ្ឋ។

ឯកឧត្តមបានណែនាំឱ្យកម្លាំងកិច្ចត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការបង្ការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនឲ្យមានប្រសិទ្ធភាព។

ឯកឧត្តមបានបន្តថា អាជ្ញាធរក្រុង ស្រុកត្រូវសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ក្នុងការចុះវាស់វែងដីធ្លីជូនដល់ប្រជាពលរដ្ឋ ពិសេសនៅថ្ងៃសៅរ៍-អាទិត្យ ដែលជាថ្ងៃកម្មករឈប់សម្រាក។

ឯកឧត្តមបានបន្តណែនាំដល់អាជ្ញាធរត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋ និងមានវិធានការចំពោះសត្វគោក្របីដែលបានលែងពាសវាលពាសកាលតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាសខេត្តស្វាយរៀង ដើម្បីបញ្ជៀសនូវការបង្ករគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ។

ឯកឧត្តមអភិបាលខេត្តបានកោតសរសើរចំពោះថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងការរក្សាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្តបានល្អ ក្នុងនោះក៏សូមអរគុណដល់មន្ទីរ-អង្គភាពពាក់ព័ន្ធ និងសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភគាំទ្រជាមួយរដ្ឋបាលខេត្តក្នុងការផ្តល់រង្វាន់ជ័យលាភីដល់សិស្សប្រលងជាប់និទ្ទេស A ផងដែរ៕