អភិបាលខេត្តក្រចេះ ចុះចែកអំណោយដល់ពលរដ្ឋក្រីក្រ ១០០គ្រួសារ


ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួសារ នៅសាលាក្រុងក្រចេះ។

ប្រជាពលរដ្ឋទាំង១០០គ្រួសារដែលទទួលអំណោយពីលោកអភិបាលខេត្ត នារសៀលថ្ងៃទី២៥ ខែធ្នូនោះ ក្នុង១នាក់ទទួលបានអង្ករ៣០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាចំនួន៣ម៉ឺនរៀល។

ឯកឧត្តម វ៉ា ថន បានលើកឡើងថា ស្របពេលអាកាសធាតុត្រជាក់ដូច្នេះ សូមប្រជាពលរដ្ឋថែរក្សាសុខភាពឲ្យបានល្អ ហូបចុកឲ្យមានអនាម័យ រស់នៅឲ្យបានស្អាត ជៀសវាងឆ្លងជំងឺផ្សេងៗ។

ឯកឧត្តមបញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៦ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ និងគិតគូរដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រលំបាកឲ្យមានប័ណ្ណសមធម៌ (ប័ណ្ណក្រីក្រ) គ្រប់គ្នា ហើយប័ណ្ណសមធម៌នេះ រដ្ឋាភិបាលបានចំណាយថវិកាច្រើនណាស់ក្នុង១ឆ្នាំៗ ដើម្បីជួយកាត់បន្ថយភាពលំបាករបស់ប្រជាពលរដ្ឋ៕