ថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ប្តេជ្ញាចិត្ត ក្នុងការកសាងសហគមន៍វាសនារួមនៃសន្តិភាព និងវិបុលភាព ឱ្យកាន់តែប្រសើរឡើង នៅក្នុងតំបន់


នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ ក្រោមមូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងមានទំនើបកម្មក្នុងបណ្តាប្រទេសមេគង្គ-ទ្បានឆាង» តាមរយៈប្រព័ន្ធវីដេអូ ដែលដឹកនាំដោយសហប្រធាន លោក មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និង លោក លី ឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន។

កិច្ចប្រជុំក៏មានការចូលរួមពី លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ និង លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ថ្នាក់ដឹកនាំបានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ ថ្នាក់ដឹកនាំបានកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏ច្រើនក្នុងរយៈពេលប្រាំពីរឆ្នាំ ចុងក្រោយនេះ ដែលនាំមកនូវលទ្ធផលជាក់ស្តែង និងអត្ថប្រយោជន៍នៅគ្រប់វិស័យ តាមរយៈការអនុវត្តដោយជោគជ័យ នៃផែនការសកម្មភាពប្រាំឆ្នាំស្ដីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២)។ ថ្នាក់ដឹកនាំក៏បានកោតសរសើរផងដែរចំពោះមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបានគាំទ្រគម្រោងជាង៧០០ លើវិស័យគ្រប់គ្រងទឹក កសិកម្ម ការកសាងសមត្ថភាព ការកាត់បន្ថយភាពក្រីក្រ សុខភាព ការពង្រឹងសិទ្ធិអំណាចស្ត្រី វប្បធម៌ សាសនា និងវិស័យផ្សេងទៀត ផ្តួចផ្តើមដោយប្រទេសសមាជិកទាំងប្រាំមួយ។ ថ្នាក់ដឹកនាំបានស្វាគមន៍ចំពោះការអនុម័តគម្រោងដោយមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងសម្រាប់ឆ្នាំ២០២៣ ហើយបានអំពាវនាវឱ្យពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តគម្រោងទាំងនោះ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងប្រទេសទាំងប្រាំមួយ។
ថ្នាក់ដឹកនាំ បានប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការកសាងសហគមន៍រួមនៃសន្តិភាព និងវិបុលភាពក្នុងចំណោមប្រទេសមេគង្គ-ឡានឆាង ក្នុងខណៈមានការប្រឈមមុខការប្រែប្រួលនៃពិភពលោកយ៉ាងឆាប់រហ័ស និងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក។ ថ្នាក់ដឹកនាំបានអះអាងសាជាថ្មីនូវការសហការដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នា និងបានឯកភាពជំរុញការអភិវឌ្ឍខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង ដែលផ្តោតលើប្រជាជន ដោយប្រើប្រាស់កាលានុវត្តភាពពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាបរិវត្តឧស្សាហកម្ម ដើម្បីជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ច។ ថ្នាក់ដឹកនាំក៏បានប្ដេជ្ញាបន្តពង្រឹងទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ព្រមទាំងបន្ស៉ីគ្នានូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងធ្វើការរួមគ្នាដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។

នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងការពេញចិត្តជាមួយនឹងលទ្ធផលជាច្រើន ដែលកើតចេញពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាពិសេសលទ្ធផលផ្លែផ្កាពីការអនុវត្តគម្រោងចំនួន ៨៩ នៅកម្ពុជា ក្រោមមូលនិធិពិសេសមេគង្គ-ឡានឆាង តាំងពីឆ្នាំ ២០១៧។

ចំពោះការអភិវឌ្ឍនាពេលអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្តេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីសារសំខាន់នៃការកសាងសហគមន៍ដែលមានវាសនារួមគ្នានៃសន្តិភាព និងវិបុលភាព ក្នុងចំណោមប្រទេសមេគង្គ-ឡានឆាងឱ្យកាន់តែប្រសើរឡើង ដោយគាំទ្រចំពោះ “ខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ច” ដែលផ្តោតលើប្រជាជន និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងអនុតំបន់និងការតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល តាមរយៈការពង្រឹងការតភ្ជាប់ក្នុងតំបន់និងកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្ម ព្រមទាំងជំរុញសេដ្ឋកិច្ចឌីជីថលនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន និងភាពប្រកួតប្រជែងរយៈពេលវែងរបស់តំបន់យើង។

កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ បានបញ្ចប់ដោយជោគជ័យជាមួយនឹងការអនុម័តឯកសារសំខាន់ចំនួន០៣គឺ៖ (១) សេចក្តីថ្លែងការណ៍ទីក្រុងណៃពិដោ នៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ (២) ផែនការសកម្មភាពប្រាំឆ្នាំស្ដីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣-២០២៧) និង (៣) គំនិតផ្ដួចផ្ដើមរួមស្ដីពីការអភិវឌ្ឍច្រករបៀងនវានុវត្តន៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលមានសារៈសំខាន់ចូលរួមចំណែកដល់ការអភិវឌ្ឍបន្ថែមទៀត នៅក្នុងតំបន់មេគង្គ-ឡានឆាង។

នៅក្នុងឱកាសនោះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយ លោក លី ឈាង រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន និងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់មនុស្សជាទីស្រលាញ់ និងការខូចខាតដែលបណ្តាលមកពីគ្រោះរញ្ជួយដីនៅខេត្តកានស៊ូ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានសម្តែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្តចំពោះការមកដល់នៃខួបលើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងជូនពរឆ្នាំថ្មីចំពោះថ្នាក់ដឹកនាំ ក៏ដូចជា ប្រជាជននៃប្រទេសតំបន់មេគង្គ-ឡានឆាងទាំងមូលក្នុងឱកាសឆ្នាំថ្មី២០២៤៕