ខេត្តកំពង់ចាម៖ ថ្ងៃសៅរ៍ ៧កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យការងារគ្រប់គ្រង និងប្រើប្រាស់ទឹករបស់សហគមន៍កសិករប្រើប្រាស់ទឹក(សកបទ) នៃប្រព័ន្ធធារាសាស្រ្តព្រែកពោធិ ស្ថិតក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ប្រព័ន្ធធារាសាស្ត្រមួយនេះបានអនុវត្តនូវគម្រោងនៃការធ្វើទំនើបកម្មវិស្វកម្ម ដោយបានទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោមកិច្ចសហការប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ប្រព័ន្ធធារាសាស្រ្តព្រែកពោធិមានបំពាក់ទៅដោយឧបករណ៍ទំនើប និងមានហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធគ្រប់ប្រភេទបម្រើឱ្យការបញ្ចេញបញ្ចូលទឹកដល់ស្រែរបស់ប្រជាកសិករដែលជាសមាជិកសហគមន៍កសិករប្រើប្រាស់ទឹក (សកបទ) គ្របដណ្ដប់លើផ្ទៃដីប្រមាណ ៨ពាន់ហិកតា ព្រមទាំងធ្វើការពង្រឹង និងពង្រីកជាបន្តបន្ទាប់ដើម្បីឈានទៅអនុវត្តយុទ្ធសាស្រ្ត និងច្បាប់ស្ដីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP) ឱ្យបានល្អប្រសើរបន្ថែមទៀតនាពេលខាងមុខ៕