ឯកឧត្តម​ ចាន់ ស៊ីណាត​ រដ្ឋលេខាធិការ​ អញ្ជើញចុះពិនិត្យវឌ្ឍនភាព​ការងារ​សាងសង់អគារ​មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក​នៃព្រះរាជាណាចក្រកម្ពុជា​


រាជធានីភ្នំពេញ៖​ ថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤​ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋ​លេខាធិការ​ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះត្រួតពិនិត្យជាក់ស្តែងការដ្ឋានសាងសង់​អាគារមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹកនៃព្រះរាជាណាចក្រកម្ពុជាដែលមានទីតាំងស្ថិតនៅក្នុង​បរិវេណ​ក្រសួងធនធានទឹក និង​ឧតុនិយម។

ឯកឧត្តម​រដ្ឋលេខាធិការ​បានបញ្ជាក់ឱ្យដឹងថា​ គម្រោងនេះបានទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​ តាមរយៈកិច្ចសហការ​ដ៏ជិតស្និទ្ធ​ជាមួយ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​​ទីភ្នាក់ងារឧតុនិយមអន្តរជាតិ​បារាំង និង​វិទ្យាស្ថានបច្ចេកវិទ្យា​អាស៊ី ព្រមទាំង​បណ្តាប្រទេសជាច្រើនទៀតនៅលើ​ពិភពលោក​ ជាពិសេស​ប្រទេសជាសមាជិករបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)​។

ជាមួយគ្នានេះ​ ឯកឧត្តមរដ្ឋលេខាធិការ​បាន​បញ្ជាក់បន្ថែមថា​ មជ្ឈមណ្ឌលជាតិដ៏មានសារសំខាន់មួយនេះគឺ​ជាសសរស្តម្ភ​របស់ប្រទេសកម្ពុជាក្នុងការគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម ប្រកបដោយឧត្តមភាព ធ្វើការបញ្ជាទឹកនិងប្រើប្រាស់ទឹក និងធ្វើកិច្ចការព្យាករណ៍គ្រប់ប្រភេទ​សម្រាប់បំពេញ​តម្រូវការលើគ្រប់វិស័យ​ ប្រកបដោយភាពប្រាកដប្រជា និងមានឯករាជ្យភាព។

សូមបញ្ជាក់ថា​ មជ្ឈមណ្ឌលជាតិគ្រប់គ្រង​ទិន្នន័យធនធានទឹក​ មានសំណង់អគារកម្ពស់​ ​៥ជាន់​ រចនាឡើង​ដោយរួមបញ្ចូល​នូវគោលគំនិត​បរិស្ថានបៃតង​ស្របតាម​បរិបទនៃ​ការប្រែប្រួលអាកាសធាតុជាសកល។​​ ការបង្កើតមជ្ឈមណ្ឌលនេះឡើង​​គឺ​ក្នុងគោលបំណង​ដើម្បី​បម្រើឱ្យការគ្រប់គ្រង​ ប្រមូល​ រក្សា​ និង​វិភាគទិន្នន័យ​ ​និង​ផ្តល់​ព័ត៌មានអំពីទិន្នន័យទឹកភ្លៀង​ ជលសាស្ត្រ​ និង​ឧតុ​និយម​ ប្រកបដោយប្រសិទ្ធភាព ស្ថិរភាព​ និង​សុវត្ថិភាព​​៕​