ឯកឧត្តម​ ចាន់ ស៊ីណាត​ រដ្ឋលេខាធិការ​ អញ្ជើញចុះពិនិត្យ​ការងារ​គ្រប់គ្រង និង​ប្រើ​ប្រាស់ទឹក​របស់សហគមន៍​កសិករប្រើប្រាស់ទឹក​ នៃ​ប្រព័ន្ធធារាសាស្រ្ត​ព្រែកពោធិ​ ខេត្តកំពង់ចាម


ខេត្តកំពង់ចាម៖ ថ្ងៃសៅរ៍ ៧កើត ខែមិគសិរ ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤​ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋ​លេខាធិការ​ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញ​ដឹកនាំក្រុមការងារ​​បច្ចេកទេសក្រសួង​​ ចុះពិនិត្យការងារ​គ្រប់គ្រង​ និងប្រើប្រាស់ទឹក​របស់សហគមន៍​កសិករប្រើប្រាស់ទឹក​(សកបទ) នៃ​ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ ស្ថិត​ក្នុងស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម។

ឯកឧត្តមរដ្ឋលេខាធិការ​បានបញ្ជាក់ឱ្យដឹងថា​ ប្រព័ន្ធធារាសាស្ត្រមួយ​នេះ​បាន​អនុវត្តនូវគម្រោងនៃការធ្វើទំនើបកម្មវិស្វកម្ម ដោយបានទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោមកិច្ចសហការប្រកប​ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់​ពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ទន្ទឹមនឹងនេះ​ ឯកឧត្តម​រដ្ឋលេខាធិការ​បាន​បញ្ជាក់បន្ថែមថា​ ប្រព័ន្ធធារាសាស្រ្តព្រែកពោធិមាន​បំពាក់ទៅ​ដោយឧបករណ៍ទំនើប​ និងមានហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធគ្រប់ប្រភេទបម្រើឱ្យ​ការ​បញ្ចេញបញ្ចូលទឹកដល់ស្រែរបស់ប្រជាកសិករដែលជាសមាជិកសហគមន៍កសិករប្រើ​ប្រាស់ទឹក (សកបទ)​ គ្របដណ្ដប់លើ​ផ្ទៃដីប្រមាណ ៨ពាន់ហិកតា​ ព្រមទាំង​ធ្វើការពង្រឹង និងពង្រីកជាបន្តបន្ទាប់​ដើម្បីឈានទៅអនុវត្តយុទ្ធសាស្រ្ត និងច្បាប់ស្ដីពី​ភាពជាដៃគូរវាងរដ្ឋនិង​ឯកជន (PPP) ឱ្យបានល្អប្រសើរបន្ថែមទៀតនាពេលខាងមុខ៕