ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យសមិទ្ធផលនៃកម្មវិធីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB) និងធនាគារវិនិយោគអឺរ៉ុប (EIB) ក្នុងខេត្តបាត់ដំបង


នៅថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារក្រសួង រួមមាន ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកប្រធាន អនុប្រធាននាយកដ្ឋានពាក់ព័ន្ធ និងលោកប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ចុះពិនិត្យលើសមទ្ធិផលរបស់កម្មវិធីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហហិរញ្ញប្បទានពីធនាគារវិនិយោគអឺរ៉ុប (EIB) ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានចុះពិនិត្យជាក់ស្តែង ចាប់ពីតំបន់ជម្រាលនៃខេត្តប៉ៃលិន និងផ្ទៃរងទឹកភ្លៀងទាំងអស់ រហូតមកដល់តំបន់បវេល តំបន់តាហែន តំបន់វាលទ្រា តំបន់គគីរ តំបន់ភាស តំបន់កំពីងពួយ តំបន់គាស់ក្រឡ តំបន់កង្ហត តំបន់មោងឫស្សី តំបន់ព្រែកជី តំបន់ស្វាយដូនកែវ និងតំបន់រាមគុណ។

ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ដំណើរចុះបេសកកម្មនេះ ដើម្បីពិនិត្យមើលលើផែនការការងារសហប្រតិបត្តិការរបស់ក្រសួងធនធានទឹក និងឧតុនិយម ជាមួយបណ្តាស្ថាប័នហិរញ្ញប្បទានកំពូលៗជាតិ និងអន្តរជាតិខាងលើ ដើម្បីបន្តធ្វើការអនុវត្តនាពេលខាងមុខដ៏ខ្លី៕