ព្រះសិរ្សបដិមារចំនួន២ ដែលក្រុមចោរលួចចេញពីប្រាសាទបុរាណនៃប្រទេសកម្ពុជា អស់រយៈពេលច្រើនទសវត្ស បានវិលមកដល់មាតុប្រទេសវិញហើយ ក្រោយកម្ពុជាបានទទួលសុខសន្តិភាពលែងមានសង្គ្រាម ។
ព្រះសិរ្សបដិមាទាំង២ ត្រូវបានក្រុមចោរលួចចេញពីប្រាសាទបុរាណខ្មែរ នៅតំបន់ប្រាសាទកោះកេរ្តិ៍ ភាគឧត្តរនៃប្រទេស ក្នុងអំឡុងពេលសង្រ្គាមស៊ីវីល ក្នុងទស្សវត្សរ៍ឆ្នាំ៧០ ។ វត្ថបុរាណនោះ ត្រូវឈ្មួញបារាំង ទិញពីប្រទេសថៃ និងបានដាក់លក់ក្នុងតម្លៃជាង ១លានដុល្លារ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ ការដាក់លក់វត្ថុបុរាណខ្មែរនោះ ត្រូវស្ថានទូតកម្ពុជាបានរកឃើញ និងប្ដឹងទៅអាជ្ញាធរបារាំង និងយកបានមកវិញនៅឆ្នាំ ១៩៩៤… ហើយបានយកមករក្សាទុកនៅស្ថានទូតខ្មែរ នៅប្រទេសបារាំង ។
នៅព្រឹកថ្ងៃ៣០ ខែមីនានេះ ព្រះសិរ្សបដិមាទាំង២ ត្រូវបានក្រសួងការបរទេសនាំមកពីប្រទេសបារាំង ប្រគល់ជូនក្រសួងវប្បធម៌ ដើម្បីរក្សាទុកនៅសារមន្ទីរជាតិរាជធានីភ្នំពេញ ទុកជាសម្បត្តិបេតិកភណ្ឌជាតិ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងពីការរកឃើញព្រះបដិមានោះ ខណៈដែលរូបលោកពេលនោះ ធ្វើជាឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង ។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា បានសម្តែងការកោតសរសើរ និងដឹងគុណចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដែលបានខិតខំទាមទារយកមកវិញ នូវវត្ថុបុរាណខ្មែរទាំងពីរ និងបានប្រគល់ជូនមកសារមន្ទីរជាតិកម្ពុជា គឺបានផ្តល់ឱកាសសម្រាប់ការជួបជុំគ្នាវិញ នៃរូបបដិមាផ្សេងៗ មកពីរមណីយដ្ឋានប្រវត្តិសាស្រ្តកោះកេរ្តិ៍ ។
អំពើចោរកម្មលួចវត្ថុបុរាណខ្មែរ ក្នុងសម័យកម្ពុជាមានសង្គ្រាមស៊ីវិល បានកើតឡើងជាច្រើនតាមប្រាសាទបុរាណខ្មែរ ដែលនៅជាប់នឹងព្រំដែននៃប្រទេសថៃ ។ កម្ពុជាដែលបានអស់សង្គ្រាមស៊ីវិលនៅចុងឆ្នាំ ១៩៩៨ ដោយសារនយោបាយឈ្នះៗរបស់ សម្តេចតេជោសែន បានប្រមែប្រមូលទ្រព្យសម្បត្តិដែលបាត់បង់ទាំងនេះ ឱ្យវិលត្រឡប់មកវិញ ដែលជានិមិត្តរូបនៃភាពថ្កុំថ្កើងសាឡើងវិញ ដូចសម័យអង្គរក្នុងសម័យតេជោសែននេះ ។