រដ្ឋាភិបាលអាមេរិក បានសន្យាផ្តល់ថវិកាចំនួន ៣៥លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់វិស័យសុខភាពសាធារណៈ និងអប់រំកម្មវិធីបរិស្ថាន និងកសិកម្មនៅកម្ពុជា ។ ការសន្យាផ្តល់ថវិកានេះ បានធ្វើក្នុងពិធីមួយថ្ងៃទី៣០ ខែមីនានេះ ក្នុងការចុះហត្ថលេខារវាងមន្ត្រីកម្ពុជា និងមន្ត្រីស្ថានទូតអាមេរិក នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ឯកឧត្តម គាត ឈន់ និងឯកអគ្គរដ្ឋទូតអាមេរិក លោក William A. Heidt បានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាផ្តល់ជំនួយមកកម្ពុជានេះ ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា នេះជាទឹកប្រាក់ផ្តល់ដំបូង ក្នុងកញ្ចប់ថវិកា ១៣៧លានដុល្លារ សំរាប់រយៈពេល ៣ឆ្នាំ ទ្រទ្រង់អាទិភាពរបស់រដ្ឋាភិបាលកម្ពុជា នៅក្នុងវិស័យវិស័យសុខភាពសាធារណៈ អប់រំកម្មវិធីបរិស្ថាន និងកសិកម្មនេះ ។
សេចក្តីរាយការណ៍បានឱ្យដឹងថា កិច្ចព្រមព្រៀងផ្តល់ជំនួយទ្វេភាគីនេះ នឹងជួយដល់យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយកែលំអគុណភាពនៃការថែទាំសុខភាព… លើកកំពស់អាហារូបត្ថម្ភសំរាប់មាតា និងកុមារ… បង្កើនទីផ្សារ និងផលិតកម្មកសិកម្ម… ការពារធនធានធម្មជាតិរបស់កម្ពុជា… និងជួយសិស្សកម្ពុជាក្នុងការរៀនអានថែមទៀត ៕