ព្រះសិរ្សបដិមារ ដែលចោរលួច វិលមកកម្ពុជាវិញ


Sculture 31 03 16 2 copy

     ព្រះ​សិរ្ស​បដិមារ​ចំនួន​២ ដែល​ក្រុម​ចោរ​លួច​ចេញ​ពី​ប្រាសាទ​បុរាណ​នៃ​ប្រទេស​កម្ពុជា​ អស់​រយៈ​ពេល​ច្រើន​ទស​វត្ស បាន​វិល​មក​ដល់​មាតុ​ប្រទេស​វិញ​ហើយ ក្រោយ​កម្ពុជា​បាន​ទទួល​សុខ​សន្តិភាព​លែង​មាន​សង្គ្រាម ។

     ព្រះ​សិរ្ស​បដិមា​ទាំង​២ ត្រូវ​បាន​ក្រុម​ចោរ​លួច​ចេញ​ពី​ប្រាសាទ​បុរាណ​ខ្មែរ នៅ​តំបន់​ប្រាសាទ​កោះ​កេរ្តិ៍ ភាគ​ឧត្តរ​នៃ​ប្រទេស ក្នុង​អំឡុង​ពេល​សង្រ្គាម​ស៊ីវីល ក្នុង​ទស្ស​វត្សរ៍​ឆ្នាំ​៧០ ។ វត្ថ​បុរាណ​នោះ ត្រូវ​ឈ្មួញ​បារាំង ទិញ​ពី​ប្រទេស​ថៃ និង​បាន​ដាក់​លក់​ក្នុង​តម្លៃ​ជាង ១លាន​ដុល្លារ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ។ ការ​ដាក់​លក់​វត្ថុ​បុរាណ​ខ្មែរ​នោះ ត្រូវ​ស្ថាន​ទូត​កម្ពុជា​បាន​រក​ឃើញ និង​ប្ដឹង​ទៅ​អាជ្ញាធរ​បារាំង និង​យក​បាន​មក​វិញ​នៅ​ឆ្នាំ ១៩៩៤​… ហើយ​បាន​យក​មក​រក្សា​ទុក​នៅ​ស្ថាន​ទូត​ខ្មែរ នៅ​ប្រទេស​បារាំង ។

     នៅ​ព្រឹក​ថ្ងៃ​៣០ ខែ​មីនា​នេះ ព្រះ​សិរ្ស​បដិមា​ទាំង​២ ត្រូវ​បាន​ក្រសួង​ការ​បរ​ទេស​នាំ​មក​ពី​ប្រទេស​បារាំង ប្រគល់​ជូន​ក្រសួង​វប្បធម៌ ដើម្បី​រក្សា​ទុក​នៅ​សារ​មន្ទីរ​ជាតិ​រាជ​ធានី​ភ្នំពេញ ទុក​ជា​សម្បត្តិ​បេតិ​កភណ្ឌ​ជាតិ ។ ឯកឧត្តម​ឧប​នាយក​រដ្ឋ​មន្រ្តី ហោ ណាំហុង បាន​ថ្លែង​ពី​ការ​រក​ឃើញ​ព្រះ​បដិមា​នោះ ខណៈ​ដែល​រូប​លោក​ពេល​នោះ​ ធ្វើ​ជា​ឯកអគ្គ​រាជ​ទូត​កម្ពុជា ប្រចាំ​ប្រទេស​បារាំង ។

     រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក​ជំទាវ ភឿង សកុ​ណា បាន​សម្តែង​ការ​កោត​សរសើរ និង​ដឹង​គុណ​ចំពោះ ឯកឧត្តម​ឧប​នាយក​រដ្ឋ​មន្រ្តី ហោ ណាំ​ហុង ដែល​បាន​ខិតខំ​ទាម​ទារ​យក​មក​វិញ នូវ​វត្ថុ​បុរាណ​ខ្មែរ​ទាំង​ពីរ និង​បាន​ប្រគល់​ជូន​មក​សារ​មន្ទីរ​ជាតិ​កម្ពុជា គឺ​បាន​ផ្តល់​ឱកាស​សម្រាប់​ការ​ជួប​ជុំ​គ្នា​វិញ នៃ​រូប​បដិមា​ផ្សេងៗ​ មក​ពី​រមណីយ​ដ្ឋាន​ប្រវត្តិ​សាស្រ្ត​កោះ​កេរ្តិ៍ ។

     អំពើ​ចោរ​កម្ម​លួច​វត្ថុ​បុរាណ​ខ្មែរ ក្នុង​សម័យ​កម្ពុជា​មាន​សង្គ្រាម​ស៊ីវិល បាន​កើត​ឡើង​ជា​ច្រើន​តាម​ប្រាសាទ​បុរាណ​ខ្មែរ ដែល​នៅ​ជាប់​នឹង​ព្រំដែន​នៃ​ប្រទេស​ថៃ ។ កម្ពុជា​ដែល​បាន​អស់​សង្គ្រាម​ស៊ីវិល​នៅ​ចុង​ឆ្នាំ ១៩៩៨ ដោយ​សារ​នយោ​បាយ​ឈ្នះៗ​របស់ សម្តេច​តេជោ​សែន បាន​ប្រមែ​ប្រមូល​ទ្រព្យ​សម្បត្តិ​ដែល​បាត់​បង់​ទាំង​នេះ ឱ្យ​វិល​ត្រឡប់​មក​វិញ ដែល​ជា​និមិត្ត​រូប​នៃ​ភាព​ថ្កុំ​ថ្កើង​សា​ឡើង​វិញ ដូច​សម័យ​អង្គរ​ក្នុង​សម័យ​តេជោ​សែន​នេះ ។

Sculture 31 03 16 3 copy

Sculture 31 03 16 4 copy

Sculture 31 03 16 5 copy